ខេត្តស្វាយរៀង បានរៀបចំក្រុងពាលី សុំដល់លោកតាម្ចាស់ស្រុក ម្ចាស់ទន្លេ ព្រះម៉ែគង្គា ដើម្បីសុំសេចក្តីសុខ ក្នុងពិធីប្រណាំងទូក រយៈពេល២ថ្ងៃ
ខេត្តស្វាយរៀង ៖ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំក្រុងពាលី សុំដល់លោកតាម្ចាស់ស្រុក ម្ចាស់ទន្លេ ព្រះម៉ែគង្គា ដើម្បីសុំសេចក្តីសុខ ក្នុងពិធីប្រណាំងទូក រយៈពេល២ថ្ងៃ គឺថ្ងៃទី១៨ -១៩ វិច្ឆិកា ២០២៣ នៅទន្លេវ៉ៃគោ ក្នុងក្រុងស្វាយរៀង ។
អញ្ជើញជាអធិបតី ក្នុងពិធីរួមមាន លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំងសមាជិកសមាជិការក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក-លោកស្រី ប្រធាន អនុប្រធាន មន្ទីរនានា ជុំវិញខេត្ត មន្ត្រីរាជ្យការ និងប្រជាពលរដ្ឋ ចូលរួមជាច្រើនកុះករ ។
លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ទទួលបន្ទុកបច្ចេកទេស បានមានប្រសាសន៍ថា នេះជាលើកទី១៣ហើយ ដែលរដ្ឋបាលខេត្តស្វាយរៀង បានរៀបចំប្រណាំងទូកង ខ្នាតអន្តរជាតិ និងទូកក្លាបីសន្លឹក នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ដែលការផ្តួចផ្តើមពីឯកឧត្តម ហុក ឡង់ឌី អតីតអគ្គស្នងការនគបាលជាតិ នាឆ្នាំ២០០៨ រហូតមកបច្ចប្បន្ន បើគិតមកដល់ឆ្នាំ២០២៣នេះ មានរយៈពេល១៥ឆ្នាំហើយ។ ដោយឡែក នៅឆ្នាំ២០២៣នេះ យើងបានរៀបចំពិធីប្រណាំងទូកប្រពៃណី ខ្នាតអន្តរជាតិ និងទូកក្តារបីសន្លឹក គឺមានការចូលរួម កើនឡើងច្រើនជាងបណ្តាឆ្នាំមុនៗ គឺទូកមកចូលរួមមាន ចំនួន៦៧ទូក ក្នុងនោះ ទូកខ្នាតអន្តរជាតិ មានចំនួន ៥៧ទូក ទូកក្តារបីសន្លឹក ចំនួន១០ទូក។ ហើយទូកក្នុងខេត្តមាន ចំនួន១៦ទូក ទូកមកពីបណ្តាខេត្តនានា មានចំនួន៤១ទូក ដែលបានដាក់ពាក្យសុំចូលប្រកួត។ ក្នុងនោះដែរ ទូកអន្តរជាតិ ចែកចេញជា ២ផែន ទូកខ្នាតវែង និងទូកខ្នាតខ្លី ចំពោះទូកក្តារបីសន្លឹក ឆ្នាំនេះ គឺមានតែផ្នែកនារី ប៉ុណ្ណោះ។
លោក តូច ប៉ូលីវ៉ា បន្តទៀតថា ការរៀបចំប្រណាំងទូកនេះ ក្នុងគោលបំណងបង្កើតឲ្យមានទេសចរណ៍ ដោយខេត្តស្វាយរៀង ពុំមានរមណីយដ្ឋានទេសចរណ៍ច្រើន ដូចរាជធានីខេត្តនានាទេ ដូច្នេះរដ្ឋបាលខេត្តស្វាយរៀង បានរៀបចំឲ្យមានការប្រណាំងទូកនេះឡើង ដើម្បីឲ្យប្រជាពលរដ្ឋ ក្នុងខេត្តបានចូលរួមទស្សនាកម្សាន្តផង និងឲ្យភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្តផង ហើយនេះក៏ជាការបន្តស្នាដៃរបស់លោកនាយឧត្តមសេនីយ៍ ហុក ឡង់ឌី និងរក្សាបាន នូវប្រពីណីជាតិផងដែរ ។
លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលមកចូលរួមសហការក្នុងពិធីប្រណាំងទូកទាំងអស់ គឺត្រូវការពារបរិស្ថាន មិនចោលសំរាម យើងមានធុងសំរាម និងមិនបន្ទោបង់ពាសវាលពាសកាល យើងមានបង្គន់អនាម័យចល័ត ។ ចូលរួមជាសន្តិសុខ បើឃើញជនសង្ស័យធ្វើសកម្មភាពបទល្មើស ត្រូវរាយការណ៍ជូនសមត្ថកិច្ចភ្លាម ។
សូមបញ្ជាក់ថា ការប្រណាំងទូក ថ្ងៃទី១៨ វិច្ឆិកា ស្អែកនេះគឺចាប់ផ្ដើមនៅវេលាម៉ោង២រសៀល។ ចំណែកថ្ងៃអាទិត្យ ទី១៩ វិច្ឆិកា គឺចាប់ផ្តើមប្រណាំងទូកនៅវេលាម៉ោង៨ព្រឹក ៕