កម្លាំងជំនាញអាជ្ញាធរជាតិអប្សរាកំពុងជួសជុលកំណាត់វិថីឆ្ពោះទៅតំបន់អង្គរ ដែលទឹកហូរច្រោះផ្ដាច់ប្រវែងបីម៉ែត្រ
សៀមរាប៖ កម្លាំងជំនាញរបស់អាជ្ញាធរជាតិអប្សរាបានកំពុងរូតរះជួសជុលកំណាត់វិថីព្រះនរោត្ដមសីហមុនី ឬអតីតផ្លូ កូម៉ៃ ជាផ្លូវចេញពីវត្តក្បាលខ្មោចឆ្ពោះទៅក្នុងតំបន់អង្គរជាបណ្ដោះអាសន្ន បន្ទាប់ពីទឹកហូរច្រោះដាច់ប្រវែងជាងបីម៉ែត្រ ស្ថិតនៅខាងត្បូងកសិន្ធុអង្គរ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
លោក ឡៃ ប៉ូទី អនុប្រធាននាយកដ្ឋានទឹកព្រៃឈើ នៃអាជ្ញាធរជាតិអប្សរាបានប្រាប់ប្រភពដដែលនៅថ្ងៃទី១៧ ខែវិច្ឆិកា២៣នេះថា ផ្លូវមួយខ្សែនេះបានសាងសង់ឡើងតាំងពីសម័យបារាំង ដែលមកដល់ពេលនេះ មានអាយុវកាលពីជាច្រើនឆ្នាំមកហើយ ដែលធ្វើឱ្យលូទឹកមាន អាយុកាលទ្រុឌទ្រោម ទើបធ្វើឱ្យទឹកហូរច្រោះដីបណ្ដាលឱ្យដាច់ផ្លូវប្រវែងប្រមាណបីម៉ែត្រ។
ក្រោយពីផ្លូវបានបាក់ដាច់ភ្លាមៗ ក្រុមការងារអាជ្ញាធរជាតិអប្សរាបាន ទប់ស្កាត់មិនឱ្យទឹកហូរបន្ថែមទៀត ដើម្បីរក្សាទុកទឹកក្នុងបារាយណ៍ និងមិនឱ្យទឹកហូរ សង្កត់លើស្រូវប្រជាពលរដ្ឋនៅក្នុងបារាយណ៍ផ្នែកខាងលិចផ្លូវនោះទេ។
ក្រុមការងារកំពុងជុសជុលបណ្ដោះអាសន្ន ដោយចាក់ដីថ្មបំពេញ កន្លែង បាក់ដាច់ ដើម្បីឱ្យធ្វើចរាចរណ៍ឡើងវិញជាបណ្ដោះអាសន្ន ខណៈដែលផ្លូវនេះ មានគម្រោង ធ្វើទ្វារទឹកថ្មីនាពេលខាងមុខ។កន្លែងទ្វារទឹកនៅវិថីមួយនេះ នឹងធ្វើឡើង តាមស្ដង់ដារត្រឹមត្រូវ ដោយមានប្រវែងប្រហែលពីរម៉ែត្រ សម្រាប់បើកបិទទឹកទុកក្នុងបារាយណ៍។ សម្រាប់ដំណើរការជួសជុលផ្លូវដែលដាច់នេះ និងធ្វើឱ្យបានលឿនបំផុត ដើម្បី ឆាប់បានធ្វើចរាចរណ៍ឡើងវិញ។
ប្រភពបញ្ជាក់ថា ទឹកដែលហូរច្រោះដាច់ផ្លូវនេះមិនមែនជាទឹកជំនន់ទេ គឺជាទឹកដែលអ្នកដាក់បញ្ចូលមកក្នុងបារាយណ៍ ទឹកមួយកន្លែងដែលមានឈ្មោះថា បារាយណ៍ “យសោធ” គឺជាបារាយណ៍ព័ន្ធភ្នំបាក់ខែង ហើយត្រង់ចំណុចទឹកហូរច្រោះដីបាក់ផ្លូវនេះជាទីតាំងបារាយណ៍ដែលចាប់ផ្តើមដាក់ឱ្យមានទឹកឡើងវិញ៕