រដ្ឋមន្រ្តីក្រសួងកសិកម្ម ៖ ធនធានជលផលមានសារៈសំខាន់ណាស់ សម្រាប់សន្តិសុខស្បៀង និងសេដ្ឋកិច្ចរបស់កម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា នាឆ្នាំនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចលើកយកអនុវិស័យជលផលធ្វើជាប្រធានបទសំខាន់ ដោយសារធនធានជលផលជាប្រភពអាហារូបត្ថម្ភ និងប្រូតេអ៊ីនសម្រាប់ប្រជាជនកម្ពុជា។ ធនធានជលផលមានសារៈសំខាន់ណាស់ សម្រាប់សន្តិសុខស្បៀង និងសេដ្ឋកិច្ចរបស់កម្ពុជា។

ការលើកឡើងបែបនេះ របស់ ឯកឧត្តមរដ្ឋមន្ដ្រី ធ្វើឡើងក្នុងពិធីអបអរសាទរទិវាភពផែនដី ឆ្នាំ២០២៥ ក្រោមប្រធានបទស្តីពី «ការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព» ដែលរៀបចំឡើង នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា ដែលមានអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងលោកស្រី Rebekah Bell តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ។

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់រដ្ឋបាលជនផល ដែលបានខិតខំអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សហការរួមគ្នាជាមួយដៃគូអភិវឌ្ឍន៍នានា និងដាក់មធ្យោបាយរួមក្នុងការពង្រឹងច្បាប់ លុបបំបាត់បទល្មើសនេសាទខុសច្បាប់ និងចូលរួមអភិរក្សធនធានជលផលទឹកសាប និងសមុទ្រ ទទួលបានលទ្ធផលជាច្រើនគួរជាទីគាប់ចិត្ត។ ឯកឧត្តមរដ្ឋមន្ដ្រី បានលើកទឹកចិត្តឱ្យបន្តកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀតជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សំដៅគ្រប់គ្រងធនធានជលផលប្រកបដោយចីរភាព និងនិរន្តរភាព។

តាងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប អង្គការ FAO អង្គការ UNIDO ទីភ្នាក់ងារ AFD និងអង្គការ GIZ ជាដើម ដែលជាដៃគូសំខាន់ក្នុងការចូលរួមគាំទ្រអនុវត្តការងារប្រកបដោយភាពជោគជ័យគួរឱ្យកត់សម្គាល់ ៕

អត្ថបទដែលជាប់ទាក់ទង