សម្ដេចធិបតី ៖ ជីវិតពលរដ្ឋត្រូវការ ៣សំខាន់ គឺ សុខភាព ចំណេះដឹង និងជីវភាពរស់នៅប្រចាំថ្ងៃ
(តាកែវ)៖ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣១, ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ដែលតភ្ជាប់ភូមិសាស្ត្រខេត្តតាកែវ, កំពត, កណ្តាល, កំពង់ស្ពឺ និង កែប និងជាហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចដ៏សំខាន់ ឆ្ពោះទៅកាន់ បណ្តាគោលដៅផ្សេងៗ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ជីវិតប្រជាពលរដ្ឋត្រូវការ ៣សំខាន់ គឺ សុខភាព, ចំណេះដឹង និងជីវភាពរស់នៅប្រចាំថ្ងៃ ដូចនេះទើបរាជរដ្ឋាភិបាល បានដាក់ចេញ នូវវិធានការគន្លឹះចំនួន ៥ ដើម្បីលើកកម្ពស់តម្រូវការស្នូលទាំង ៣នេះ សំដៅធានាបំពេញសេចក្តីត្រូវការ និងការអភិវឌ្ឍប្រកបដោយចីរភាព និងប្រសិទ្ធភាព ។ រាជរដ្ឋាភិបាល ក៏បានបើកចំហក្នុងការធ្វើពាណិជ្ជកម្ម ជាមួយគ្រប់បណ្តាប្រទេសទាំងអស់ ខិតខំទាញយកពីគ្រប់សក្កានុពលទាំងក្នុង និងក្រៅប្រទេស ដើម្បីបន្តជំរុញការអភិវឌ្ឍ និងការពារនូវអ្វីៗដែលមានស្រាប់ និងបន្តឆ្ពោះទៅមុខបន្ថែមទៀត ។
សម្ដេចធិបតី បានបន្តថា ការវិនិយោគលើការ កសាងផ្លូវ-ថ្នល់, ស្ពាន ជាជម្រើសដ៏ត្រឹមត្រូវបំផុត ក្នុងការចែករំលែកភាគលាភនៃការរីកចំរើនទៅដល់ប្រជាពលរដ្ឋពិតប្រាកដ និងស្មើភាព ។ បច្ចុប្បន្ន យើងទទួលបានមនុញ្ញផល ជាផ្លែផ្កា នៃផ្ការីក នៃចលនាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍពីខេត្តមួយ ទៅខេត្តមួយ ដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាជនកាន់តែល្អប្រសើរ ។
សម្តេច បញ្ជាក់ថា អ្នកដែល បានផលពីការអភិវឌ្ឍនេះ គឺប្រជាពលរដ្ឋផ្ទាល់នៅក្នុងខេត្ត, អ្នកឆ្លងកាត់ និងធ្វើដំណើរធុរកិច្ច ហើយបានប្រែក្លាយកម្ពុជា ជាគោលដៅវិនិយោគ និងទេសចរណ៍កាន់តែច្រើន ដើម្បីទាញផលមកជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ពោល គឺការពង្រាយនូវការអភិវឌ្ឍឱ្យបានគ្រប់ទីកន្លែង ។
សម្តេចនាយករដ្ឋមន្ត្រី បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវ-ថ្នល់ សូមគោរពច្បាប់ចរាចរណ៍ និងបើកបរ ដោយមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍នានាជាយថាហេតុ ។ ផលរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ជាឃាតករ ដែលសម្លាប់ប្រជាពលរដ្ឋលាក់មុខយ៉ាងសកម្ម បន្ទាប់ពីសង្គ្រាមដែលយើងបានឆ្លងកាត់ ហើយផ្តល់ការខាតបង់យ៉ាងច្រើន លើការខូចខាត ទាំងការចំណាយលើការព្យាបាល ការជួសជុលមធ្យោបាយដែលខូចខាត ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធផងដែរ ។
សម្តេចធិបតី ក៏បានបញ្ជាក់ទៅដល់រដ្ឋបាលខេត្ត ដែលពាក់ព័ន្ធ ក្រោយទទួលបានសមិទ្ធផលនេះ ត្រូវខិតខំបង្កលក្ខណៈ ជំរុញ និងសម្របសម្រួល ដល់ការអភិវឌ្ឍ ការវិនិយោគឱ្យកាន់តែខ្ពស់បន្ថែមទៀត ដោយប្តូរពីទស្សនៈ «គេមកវិនិយោគក្នុងខេត្តខ្ញុំបានអ្វី» មកជា «ប្រជាពលរដ្ឋយើងនឹងទទួលបានអ្វីពីការអភិវឌ្ឍ និងការវិនិយោគ» ហើយកត្តាអាទិភាពបំផុតនោះ គឺការជំរុញ «ការផ្តល់សេវាឱ្យល្អបំផុត រហ័ស និងជឿទុកចិត្ត» ៕