អភិបាលក្រុងកែប ដឹកនាំកម្លាំង ចុះដកបង្គោលរបងបេតុង ដាំលើផ្លូវសាធារណៈ

កែបៈ នាថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកដំណើរ មានការភ្ញាក់ផ្អើល និងសម្តែងក្តីហួសចិត្ត បន្ទាប់ពីប្រទះឃើញបង្គោលបេតុង ជាច្រើនដើម ត្រូវបានគេដាំថ្មីៗ នៅលើទូងផ្លូវមួយខ្សែ ស្ថិតក្នុងភូមិកែប សង្កាត់់កែប ក្រុងកែប។ ជាការឆ្លើយតបចំពោះទង្វើ ដែលមិនមានច្បាប់អនុញ្ញាតនេះ នារសៀលថ្ងៃដដែល អភិបាលក្រុងកែប បានដឹកនាំកម្លាំងចម្រុះ ចុះដកបង្គោលទាំងអស់ ដាក់មួយកន្លែង និងទុកលទ្ធភាពឱ្យម្ចាស់ យកឯកសារមកបង្ហាញ ពាក់ព័ន្ធការកាន់កាប់អចលទ្រព្យ នៅទីនោះ។

ផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅទីតាំងផ្ទាល់ លោក ខេង យ័ន អភិបាល ក្រុងកែប បានបញ្ជាក់ថា ក្រោយទទួលព័ត៌មាន ស្តីពីការបោះបង្គោលរបងលើទ្រូងផ្លូវ នៅក្នុងទឹកដីភូមិកែប សង្កាត់កែប អាជ្ញាធរក្រុង បានទំនាក់ទំនង និងសួរនាំដោយម្ចាស់ អះអាងថា មានប័ណ្ណកម្មសិទ្ធិ។ ដោយឡែក ការដាំបង្គោល គឺមិនបានសុំច្បាប់ ដូច្នេះ អាជ្ញាធរ ត្រូវតែដកចេញ រួចប្រមូលទុកមួយកន្លែង ដើម្បីបញ្ចៀសផលប៉ះពាល់ ដល់អ្នកដំណើរ ដែលតែងប្រើប្រាស់ផ្លូវនេះ។

លោកអភិបាលក្រុង បានបន្តថា ទោះដីមានប្លង់កម្មសិទ្ធិក្តី ពេលត្រូវការបោះបង្គោលព្រំ ចាំបាច់ត្រូវធ្វើពាក្យស្នើសុំ នៅសាលាខេត្ត ដើម្បីឱ្យជំនាញពាក់ព័ន្ធ ចុះផ្ទៀងផ្ទាត់។ រូបភាពនៃការបោះបង្គោលទាំងនេះ មិនមែនជាលក្ខណៈកំណត់ព្រំដីឡើយ គឺជាការបោះ របងហ៊ុមព័ទ្ធ និងមិនបានរាយការណ៍ ដល់ជំនាញ និងអាជ្ញាធរ ឱ្យបានដឹងទេ។ ជំហ៊ានបន្ទាប់ ម្ចាស់ដីត្រូវយកឯកសារផ្លូវច្បាប់ មកបង្ហាញថា តើកម្មសិទ្ធិរបស់ខ្លួន ដល់ត្រឹមណា៕

អត្ថបទដែលជាប់ទាក់ទង