សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរអន្តរជាតិកំពត

(ខេត្តកំពត)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលមានទីតាំងស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ។

កំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតនៅក្នុង ភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ៤,២៥ហិកតា ជាអំណោយរបស់អ្នកឧកញ៉ា វិញ ហួរ ជូនរាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមតាំងពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ និងបានបញ្ចប់ជាស្ថាពរ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ។ ហេដ្ឋារចនាសម្ព័ន្ធ របស់កំពង់ផែនេះ រួមមាន ផ្លូវបេតុងចូលកំពង់ផែ ប្រវែង ២,៤០គីឡូម៉ែត្រ ប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹកស្អាតសម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់របស់ប្រជាជន និងកំពង់ផែ ប្រព័ន្ធចម្រោះទឹកកខ្វក់ របង ប៉ុស្តិ៍យាម ចំណតរថយន្ត សួនច្បារ ស្រះទឹក អគារប្រមូលទុកដាក់សំរាម អគារបន្ទប់ទឹកសាធារណៈ អគារបច្ចេកទេស អគាររដ្ឋបាលនិងអ្នកដំណើរ ចំណតនាវា ប្រព័ន្ធគ្រប់គ្រងអគ្គិភ័យ និងការបំពាក់ ឧបករណ៍បច្ចេកទេសចាំបាច់ផ្សេងៗទៀតសម្រាប់ប្រតិបត្តិការកំពង់ផែ ។

តម្រាយផ្លូវនាវាចរណ៍ នៃគម្រោងសាងសង់ កំពង់ផែទេសចរណ៍នេះ មានជម្រៅទឹក ៣ម៉ែត្រ ដោយរាប់ចាប់ពីទីតាំងបត់នាវារហូតដល់ផ្ទៃសមុទ្រ ដែលមានប្រវែង ៦,៧៥គីឡូម៉ែត្រ និងទទឹងទំហំ ៦២ម៉ែត្រ ចែកជា ២គន្លងទៅមក ។ កំពង់ផែនេះ មានលក្ខណៈអំណោយផលល្អពីធម្មជាតិ ដែលអាចអនុញ្ញាតឱ្យនាវាផ្ទុកអ្នកដំណើរ ឬភ្ញៀវទេសចរ រហូតដល់ ៣០០នាក់ ចូល-ចេញ កំពង់ផែនេះ ជាលក្ខណៈអន្តរជាតិបាន ។ កំពង់ផែទេសចរណ៍អន្តរជាតិកំពត អនុវត្តការសាងសង់ដោយក្រុមហ៊ុន អេស.ប៊ី.ភី.អេច អ៊ិនជីនារីង & ខន់ស្ត្រាក់សិន ខូអិលធីឌី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុន អេស ប៊ី ខេ រីស៊ើច អេនឌីវេឡុបមេន និងបានប្រើប្រាស់ថវិកា ក្រោមឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ីប្រមាណ ១០លានដុល្លារអាមេរិក រួមជាមួយថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលសម្រាប់ពន្ធអាករផ្សេងៗ ការទ្រទ្រង់លើបន្ទុកបុគ្គលិក និងការបំពាក់ឧបករណ៍សម្ភារបរិក្ខារការិយាល័យ ជាដើម ។

កំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវបានអនុញ្ញាត បើកឱ្យដំណើរការប្រតិបត្តិការសាកល្បង សម្រាប់រយៈពេល ៣ខែ គិតចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីត្រៀមលក្ខណៈជាស្រេច សម្រាប់ការធ្វើប្រតិបត្តិការពេញលេញ និងបានប្រារព្ធពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ នៅថ្ងៃនេះ។ ការបើកឱ្យកំពង់ផែនេះ ប្រើប្រាស់ជាផ្លូវការ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម តាមរយៈការផ្តល់ឱកាសការងារ និងបង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសហគ្រាស អាជីវកម្ម ក្នុងស្រុក ដូចជា ភោជនីយដ្ឋាន សណ្ឋាគារ ហាងលក់វត្ថុអនុស្សាវរីយ៍ និងក្រុមហ៊ុនទេសចរណ៍ ជាដើម ព្រមទាំងជំរុញឱ្យមានការបង្កើតនូវទីតាំងកម្សាន្តថ្មីៗនៅក្នុងភូមិសាស្រ្តខេត្តកំពតនិយាយដោយឡែក និងបណ្តាខេត្តផ្សេងទៀតនិយាយជារួម ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។

នៅក្នុងអំឡុងពេលនៃការធ្វើប្រតិបត្តិការសាកល្បង ក្រុមហ៊ុន អេហ្សេត ប៊ីលឌើរ ឯ.ក បានសហការជាមួយ ក្រុមហ៊ុន វីរៈ ប៊ុនថាំ ជាដៃគូក្នុងស្រុក ធ្វើការដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់ ទីតាំងកម្សាន្តនានា រួមមាន កោះរ៉ុងសន្លឹម កោះរ៉ុង និងកោះស្តេច ដែលជាលទ្ធផល គិតត្រឹមចុងខែមីនា ឆ្នាំ២០២៥ កំពង់ផែនេះទទួលបានភ្ញៀវទេសចរសរុប ជាង ៥,០០០នាក់ ចេញ-ចូល ។

ក្នុងឱកាសនេះ សម្តេចធិបតី មានប្រសាសន៍ថា កំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ គឺសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ជាតិ ដែលបង្ហាញពីការអភិវឌ្ឍ និងរីកចម្រើនរបស់កម្ពុជា ។ កំពង់ផែនេះ លេចចេញជារូបរាងឡើង ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តច្បាស់លាស់ប្រកបដោយភាពប្រាកដនិយមរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងវិស័យទេសចរណ៍កម្ពុជា ។

តាមរយៈសមិទ្ធផលកំពង់ផែទេសចរណ៍អន្តរជាតិកំពត សម្ដេចនាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្តល់ហិរញ្ញប្បទានសម្បទានដល់ការអភិវឌ្ឍសាងសង់កំពង់ផែទេសចរណ៍នេះ និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងៗជាច្រើនទៀតជាបន្តបន្ទាប់ សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែល្អប្រសើរឡើង ៕

អត្ថបទដែលជាប់ទាក់ទង