រដ្ឋមន្រ្តីក្រសួងទេសចរណ៍អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកាហ្សាក់ស្ថាន និងសាធារណរដ្ឋតួកគីយ៉េ
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកាហ្សាក់ស្ថាន និងសាធារណរដ្ឋតួកគីយ៉េ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។
ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ២០២៥ របស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA Annual Summit 2025) និងកិច្ចប្រជុំពាក់ព័ន្ធ និងពិធីសម្ពោធភាពយន្តទេសចរណ៍ថតនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមេសា នៅទីក្រុង Almaty សាធារណរដ្ឋកាហ្សាក់ស្ថាន និងទីក្រុង Istanbul សាធារណរដ្ឋតួកគីយ៉េ។
នាឱកាសចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ២០២៥ របស់សមាគម PATA ដែលរៀបចំនៅសាធារណរដ្ឋតួកគីយ៉េ ឯកឧត្តមរដ្ឋមន្រ្តី នឹងចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០២៥ របស់សមាគម សន្និសីទស្តីពីគោលនយោបាយរាជរដ្ឋាភិបាលជាសមាជិករបស់សមាគម និងកិច្ចប្រជុំសំខាន់ពាក់ព័ន្ធមួយចំនួនទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏មានជំនួបទ្វេភាគីជាមួយឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំទេសចរណ៍នៃសាធារណរដ្ឋកាហ្សាក់ស្ថាន សាធារណរដ្ឋតួកគីយ៉េ និងប្រធានស្ថាប័នដៃគូរសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញទេសចរអន្តរជាតិមកកាន់កម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូលរួមកម្មវិធីសម្ពោធភាពយន្តទេសចរណ៍នៅទីក្រុង Altay សាធារណរដ្ឋកាហ្សាក់ស្ថាន និងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនផលិតកម្ម Daubay Production និងក្រុមផលិតករផ្សេងៗ ដើម្បីជំរុញបន្តថតភាពយន្តទេសចរណ៍បន្ថែមទៀត នៅតាមគោលដៅទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា៕