ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មី​ប្រពៃណីជាតិនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់

(សៀមរាប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០២៥ ក្រោមប្រធានបទ “ញញឹមសាទរសង្រ្កាន្តឆ្នាំថ្មី” នារសៀលថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២៥ នៅខេត្តសៀមរាប ថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់ រួមមាន៖​ ទេសចរណ៍វប្បធម៌ប្រពៃណី, ទេសចរណ៍​ព្រឹត្តិការណ៍សង្គម, ទេសចរណ៍ធម្មជាតិ​ និង ទេសចរណ៍បុរាណស្ថាន ។ ទន្ទឹមនឹងការរៀបចំ​សង្រ្កាន្តនៅលើ​ទឹកដី​អង្គរដ៏បវរនៃ​យើង, សង្រ្កាន្ត​នៅគ្រប់រាជធានី-ខេត្ត ក្រុង ស្រុក និង តាមវិទ្យាល័យនានា ទូទំាង​ប្រទេស បាន ​និង កំពុងរៀបចំ​ដូចគ្នា ។ នេះ ក៏ជាពេលវេលា ដែលយើងបាន​បង្ហាញនូវ វប្បធម៌ ប្រពៃណីរបស់យើង សម្រាប់​ជាមោទនភាព​ ហើយ​ក៏ជា​ការអភិរក្ស​ សម្រាប់ផ្នែកសិល្បៈ វប្បធម៌ និង អត្តសញ្ញាណជាតិរបស់យើង ។

ជាមួយគ្នានេះ, សម្ដេចបវរធិបតី បានរំលេចអំពីគោលបំណងធំ ៣ របស់អង្គរសង្ក្រាន្ត គឺបំផុសស្មារតីស្នេហាជាតិ, លើកស្ទួយវិស័យ​ទេសចរណ៍ និង លើកកម្ពស់សេដ្ឋកិច្ច។  ការបំផុសស្មារតីស្នេហាជាតិ គឺប្រមូលផ្ដុំសាមគ្គីជាតិពីគ្រប់សមាសភាពក្នុងសង្គមដើម្បីរៀបចំព្រឹត្តិការណ៍នេះ​ ដែលធ្វេីឱ្យខេត្តសៀមរាបក្លាយជាទីតាំងទាក់​ទាញភ្លៀវទេសចរ និងលើកតម្កើងតម្លៃវប្បធម៌របស់ជាតិយើង និងជាព្រឹត្តការណ៍ដែលមានការចូលរួម​ពី​ប្រជាលរដ្ឋ​ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ និងសាសនា ឡើយ ។  ការលើកស្ទួយវិស័យទេសចរណ៍ ដើម្បីឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តក្នុងខេត្តសៀមរាបនិយាយដោយឡែក និងបានស្គាល់​ និងមកកម្សាន្ត​ នៅប្រទេសកម្ពុជា និយាយជារួម។

ការលើកស្ទួយសេដ្ឋកិច្ចសំដៅដល់ការលេីកស្ទួយសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តក៏ជាដូចជាការរៀបចំសង្ក្រាន្តនៅតាមតំបន់ផ្សេងៗទៀត ដោយផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋមូលដ្ឋានចូលរួមលក់ដូរ ដោយផ្ទាល់នៅក្នុងទីតាំងសមរម្យនៅក្នុងព្រឹត្តិការណ៍តែម្ដង ។

បន្ថែមពីនេះ, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការបង្ហាញនូវព្រឹត្តិការណ៍ជាច្រើន នៅក្នុងខេត្ត​សៀមរាប បានរៀបចំក្រោមម្លប់​ដ៏ត្រជាក់​នៃសុខសន្តិភាព ដែលប្រៀបបានជាជំនួប​ត្រីកោណ​រវាង ​មនុស្ស, វប្បធម៌រូបី និង អរូបី ដោយមនុស្សបាននាំមកនូវសិល្បៈ និង ទំនៀមទំលាប់គ្រប់ទម្រង់​ ដែល​ជាសិល្បៈ វប្បធម៌អរូបី មកកាន់ទីតាំង​តំបន់​ប្រវត្តិសាស្រ្តនៃវប្បធម៌រូបី ។ ការណ៍នេះ​ បានបង្ហាញ​ពីគំនិត​ច្នៃប្រឌិត និង តម្រូវការ​​របស់​យុវជនជំនាន់នេះ ដើម្បីបន្តកសាង ​សម្រាប់បន្សល់ទុកដល់មនុស្សជំនាន់ក្រោយៗទៀត ។ ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ យើងអាចមើលឃើញច្បាស់ថា យុវជនពិតជាទទួលបាននូវផលប្រយោជន៍​យ៉ាងធំធេង ពីសុខសន្តិភាព និង ការអភិវឌ្ឍជាតិ ។ ដូច្នេះសូមការគាំទ្ររាល់​សកម្មភាពទាំងឡាយ​របស់យុវជន​​ក្នុងការចូលរួម​ទ្រទ្រង់​នូវគ្រប់ទម្រង់នៃវប្បធម៌ប្រពៃណីជាតិយើង នោះឡើយ ។

សម្ដេចនាយករដ្ឋមន្ត្រី បានរំលេចបន្ថែមថា​ មានកត្តា ៣ ដែលធ្វើឱ្យប្រជាជនសប្បាយរីករាយ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ៖

ទី១.  កត្តាសុខសន្តិភាព និង សុវត្ថិភាព ដែលប្រជាពលរដ្ឋមានលទ្ធភាពធ្វើដំណើរ ដោយគ្មានការភ័យខ្លាច,

ទី២. ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់របស់យើងកាន់តែប្រសើរ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានទៅគ្រប់ទីកន្លែង ហើយប្រើពេលតិច

និងទី៣. មធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋ មានកាន់តែច្រើន ដែលឆ្លុះបញ្ចំាងពីភាពប្រសើរឡើងនៃកម្រិតជីវភាព​របស់ប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង