ត្រឹមតែ២ថ្ងៃប៉ុណ្ណោះមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង៦០ម៉ឺននាក់ បានចូលរួមសង្រ្កាន្តវត្តភ្នំ រាជធានីភ្នំពេញ

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណជាង៦០ម៉ឺននាក់ បានចូលរួមកំសាន្តសប្បាយរីករាយ នៅក្នុងព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ និងតំបន់ Walk Street រាជធានៅភ្នំពេញ ក្នុងរយៈពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់ពីលោក កើត ឆែ អភិបាលរងសាលារាជធានីភ្នំពេញ ថ្លែងប្រាប់បណ្ដាញព័ត៌មាន TSK TV Hot News។

ក្រៅពីរៀបចំកម្មវិធីសប្បាយជូនប្រជាពលរដ្ឋ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងតែដឹកនាំបើកកិច្ចប្រជុំជាប់ជាប្រចាំរៀបចំសណ្តាប់ធ្នាប់ និងថែរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋមកលេងកំសាន្ត។

សូមជម្រាបថា ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សាលារាជធានីភ្នំពេញ បានរៀបចំនូវព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ ដើម្បីភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលរួមកំសាន្តសប្បាយរីករាយនាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ សាលារាជធានីភ្នំពេញបានរៀបចំលម្អ បង្ហាញពីសោភ័ណ្ឌភាពប្រពៃណីដ៏ស្រស់ស្អាត ធានាបាននូវសុវត្ថិភាព សន្តិសុខ ជូនដល់បងប្អូនប្រជាពលរដ្ឋមកទស្សនា និងកំសាន្តជាមួយល្បែងប្រជាប្រិយខ្មែរយ៉ាងសម្បូរបែបថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង