កម្មករនិយោជិត សប្បាយរីករាយបានជិះរថយន្តក្រុងឥតគិតថ្លៃ ទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានបងប្អូនប្រជាពលរដ្ឋ កម្មករនិយោជិតជាច្រើននៅតែបន្តធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅលេងស្រុកកំណើត តាមរយៈរថយន្តក្រុងសាធារណៈរបស់រដ្ឋដោយឥតគិតថ្លៃ។ ជាងនេះទៅទៀត ការធ្វើដំណើរតាមរថយន្តក្រុង ដោយឥតគិតថ្លៃ ដែលរៀបចំដោយរាជរដ្ឋាភិបាលនេះ គឺមានភាពងាយស្រួលធ្វើដំណើរ មិនចង្អៀតណែន ហើយមានសុវត្ថិភាពខ្ពស់។

នៅទីតាំងចំណតទីលានប្រជាធិបតេយ្យ ទល់មុខអតីតឃ្លាំងសាំង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ លោកស្រី តុល រតនា ជាកម្មការិនី ធ្វើដំណើរទៅខេត្តបាត់ដំបង បានសំដែងអារម្មណ៍សប្បាយរីករាយនៅពេលដែលបានធ្វើដំណើរទៅលេងស្រុកកំណើតតាមរយៈរថយន្តក្រុងសាធារណៈរបស់រដ្ឋដោយមិនគិតថ្លៃនេះ គឺបានជួយសម្រួលដល់ការចំណាយថវិកាបានមួយកម្រិត ខណៈកន្លងមករាល់ពេលធ្វើដំណើរទៅស្រុកកំណើតតាមរថយន្តឈ្នួលក្នុងឱកាសបុណ្យទាន ការចំណាយគឺច្រើន។ លោកស្រីបានបន្ថែមថា ដូច្នេះគ្មានអីក្រៅពីការអរគុណទៅដល់រាជរដ្ឋាភិបាល ដែលផ្ដល់ឱកាសក្នុងការជិះឡានអត់យកថវិកាបែបនេះ ហើយក៏ចង់ឱ្យរាជរដ្ឋាភិបាល រាល់ពេលបុណ្យទានធំៗ ដូចជាថ្ងៃចូលឆ្នាំ ឬក៏បុណ្យភ្ជុំបិណ្ឌ នៅតែបន្តរៀបចំរថយន្តសាធារណៈសម្រាប់ប្រជាពលរដ្ឋអាចធ្វើដំណើរដោយឥតគិតថ្លៃ រាល់ៗឆ្នាំផងដែរ ។

ជាមួយគ្នានេះ លោកស្រី លេង ស្រីអេន ជាកម្មការិនី ធ្វើដំណើរទៅខេត្តបាត់ដំបងជាមួយក្រុមគ្រួសារ បានលើកឡើងថា កន្លែងរោងចក្រគាត់បានឈប់សម្រាកថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរនេះចំនួន៦ថ្ងៃ ហើយនៅរោងចក្រមានរៀបចំពិធីជប់លៀងជូនកម្មករយ៉ាងសប្បាយរីករាយ ពិសេសគឺខាងរោងចក្រក៏បានបើកប្រាក់ខែជូនកម្មករនិយោជិតទាំងអស់មុនថ្ងៃឈប់សម្រាកផងដែរ ដើម្បីបានលុយយកទៅលេងស្រុកកំណើត ជួបជុំគ្រួសារ បងប្អូន សាច់ញាតិ មិនត្រឹមតែប៉ុណ្ណោះ រាជរដ្ឋាភិបាលក៏ជួយសម្រួលជិះឡានដោយអត់យកថវិកាទៀត ។ លោកស្រីថា ទាំងនេះធ្វើឱ្យលោកស្រីសប្បាយចិត្ត រកអ្វីប្រៀបពុំបានទេ ហើយមានតែពាក្យអរគុណដល់រាជរដ្ឋាភិបាល និងក្រសួងការងារ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ និងបារម្ភអំពីសុខទុក្ខកម្មករនិយោជិតជានិច្ច

ទន្ទឹមនេះ លោកស្រី រិត សារៀន ជាប្រជាពលរដ្ឋ ធ្វើដំណើរទៅខេត្តបន្ទាយមានជ័យ បានលើកឡើងថា ឆ្នាំនេះពលរដ្ឋដែល ទៅលេងស្រុកកំណើតតាមរយ:រថយន្តក្រុងដឹកអ្នកដំណើររបស់រដ្ឋបាលរាជធានីភ្នំពេញមានសន្ទុះកើនឡើង ហើយលោកស្រីថា រថយន្តក្រុងដឹកអ្នកដំណើរគឺ ងាយស្រួលជិះ, មានផាសុខភាព ,មានសុវត្ថិភាព និងជិៈមិនបង់ប្រាក់ថែមទៀត។ ទន្ទឹមនឹងនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃតាមគោលដៅចេញដំណើរ។

គួរបញ្ជាក់ថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ ដែលមានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ និងទៅកម្សាន្តសប្បាយ សង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្តាខេត្តនានា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩៕

អត្ថបទដែលជាប់ទាក់ទង