ឧបនាយករដ្ឋមន្ដ្រី ស សុខា ក្រើនរំលឹកមន្ដ្រីចំណុះក្រសួងមហាផ្ទៃ បន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខិតខំបំពេញភារកិច្ចថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរឡើងថែមទៀត។

តាមរយៈសារជូនពរ កងកម្លាំងនគរបាលជាតិ មន្រ្តីរាជការស៊ីវិល និងមន្រ្តីពន្ធនាគារគ្រប់លំដាប់ថ្នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានឱ្យដឹងថា ក្នុងរយៈពេលប្រមាណមួយឆ្នាំកន្លងមកនេះ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ត្រូវបានបន្តរក្សាបានយ៉ាងគត់មុតញ៉ាំងឱ្យព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗ បានដំណើរការដោយជោគជ័យ គួរជាទីមោទនៈសម្រាប់ព្រះរាជាណាចក្រកម្ពុជា។

លោក ឧបនាយករដ្ឋមន្ដ្រី បន្ដថា ការពុះពាររក្សាបានបរិយាកាសអំណោយផលសម្រាប់ការប្រារព្ធព្រឹត្តិការណ៍ទាំងនេះ គឺជាសមិទ្ធផល និងស្នាដៃគួរជាទីមោទនៈ កើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្ត ប្រកបដោយឆន្ទៈ និងមនសិការមោះមុតក្នុងវិជ្ជាជីវៈ ពីសំណាក់ កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ ដែលបានរួមចំណែកនាំមកនូវ ជោគជ័យយ៉ាងត្រចះត្រចង់ និងកិត្យានុភាពដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិ។

ជាមួយនឹងសមិទ្ធផលគួរឱ្យស្ញប់ស្ញែងដែលសម្រេចបានកន្លងមក ដូចបានលើកឡើងខាងលើនេះ លោក ឧបនាយករដ្ឋមន្ដ្រី ស សុខា គូសបញ្ជាក់ថា «ខ្ញុំ សូមយកឱកាសនេះ ក្រើនរំលឹក និងជំរុញទឹកចិត្តដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខិតខំបំពេញភារកិច្ចថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរឡើងថែមទៀត ជាពិសេសត្រូវគោរព និងប្រតិបត្តិឱ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ រួមចំណែកថែរក្សានូវបរិស្ថានគ្របដណ្តប់អំណោយផលដល់ការអនុវត្តនូវរបៀបវារៈគន្លឹះ និងអាទិភាពនានានៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមមគ្គុទ្ទេសក៍ដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំដៅសម្រេចបាននូវទស្សនវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០»។

ទន្ទឹមនេះ លោក ឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏បានអំពាវនាវដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារគ្រប់ លំដាប់ថ្នាក់ បន្តខិតខំចូលរួមអនុវត្តឱ្យបានផុលផុសនូវគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ព្រមទាំង ត្រូវបន្តចលនាកៀរគរការចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឱ្យកាន់តែសកម្មថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង