អាជ្ញាធរសៀមរាបហាមមិនឱ្យលេងគប់ស្បោងទឹក ជះទឹកកខ្វក់ និងឱ្យប្រុងប្រយ័ត្នអគ្គិភ័យ
សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី១០មេសានេះ បានជូនដំណឹងហាមឃាត់សកម្មភាពការលេងគប់ស្បោងទឹក ជះទឹកមានពណ៌ ឬទឹកកខ្វក់ លាបធ្យូង ឬប៉ាតម្សៅ ទះគក់ដោយដៃ ឬវាយដោយរំពាត់ ឬឧបករណ៍ផ្សេងៗដល់អ្នកដំណើរ។ ការណ៍នេះ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងខេត្តនៅថ្ងៃចូលឆ្នាំខ្មែរខាងមុខ។
អាជ្ញាធរខេត្ត ឱ្យចៀសវាងដាច់ខាតការលេងបាញ់ទឹក ជះទឹក ក្រៅពីតំបន់អនុញ្ញាត និងហាមឃាត់ការជិះម៉ូតូបង្ហោះប្រដេញគ្នាលេងតាមផ្លូវឡើយ ដែលអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដំណើរ។
ក្នុងសេចក្ដីជូនដំណឹងបញ្ជាក់ទៀតថា ហាមដាច់ខាតការលេងល្បែងស៊ីសង អុជផាវ និងប្រើប្រាស់គ្រឿងផ្ទុះគ្រប់ប្រភេទ និងលើកទឹកចិត្តឱ្យចូលរួមលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ នៅតាមវត្តអារាម រមណីយដ្ឋាន ឬកន្លែងដែលសមស្រប។
អាជ្ញាធរខេត្តសង្កត់ធ្ងន់ដូច្នេះ៖ «អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ […] ចាត់វិធានការច្បាប់ចំពោះអ្នកប្រព្រឹត្តអំពើមិនគប្បីខាងលើបង្កឱ្យប៉ះពាល់ដល់ប្រពៃណី សេចក្ដីថ្លៃថ្នូររប់សជាតិ ក៏ដូចជាប៉ះពាល់សន្តិសុខជាតិ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងខេត្តសៀមរាប»។
ជាមួយគ្នានេះអាជ្ញាធរខេត្ត ឱ្យពលរដ្ឋប្រុងប្រយ័ត្ន និងចូលរួមទប់ស្កាត់គ្រោះអគ្គិភ័យ ដែលបណ្ដាលមកពីភ្លើងទៀន ធូប ភ្លើងចង្ក្រាន្ត ធុងហ្គាស ចរន្តអគ្គិសនី ឬប្រើប្រាស់សារធាតុងាយឆេះផ្សេងៗ ពិសេសត្រូវផ្ដាច់ចរន្តអគ្គិសនីមុនចាកចេញពីគេហដ្ឋាន។
រដ្ឋបាលខេត្តសៀមរាបអំពាវនាវដល់ពលរដ្ឋត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ជាពិសេសអនុវត្តតាមសញ្ញាបញ្ជារបស់សមត្ថកិច្ចតាមដងផ្លូវជាក់ស្ដែង និងត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព និងបរិស្ថាន អនាម័យ ចៀសវាងឆ្លងជំងឺរាតត្បាតនានា៕