ក្រសួងសុខាភិបាល រៀបចំពិធីសូត្រមន្តប្រោះព្រំ ប្រសិទ្ធពរជ័យ ដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល បាននិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូល ជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស ព្រមទាំងចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥។
ជារៀងរាល់ឆ្នាំ ក្រសួងសុខាភិបាល បានរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ដោយមានការរាប់បាត្រ បូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃយ៍ដល់ព្រះសង្ឃ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ជ័យមង្គល និងត្រៀមទទួលស្វាគមន៍ដំណើរចុះមកថែរក្សាមនុស្សលោករបស់ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាមគោរាគៈទេវី ដែលព្រះអង្គជាបុត្រីទី២ របស់កបិលមហាព្រហ្ម ដែលនឹងយាងចុះមកនៅវេលាម៉ោង ៤:៤៨នាទីទៀបភ្លឺ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ សូមតាមជួយបីបាច់ថែរក្សា ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ និងជនរួមជាតិទាំងអស់ សូមទទួលបានសុខភាពបរិបូរណ៍ កម្លាំងមាំមួន បញ្ញាភ្លឺថ្លា អាយុយឺនយូរ និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិ។
ជាកិច្ចបន្ទាប់ ក៏មានការសម្តែងសិល្បៈរបាំជូនពរ ឆៃយ៉ាំ និងរបាំត្រុដិ ដើម្បីជម្រុះនូវចង្រៃឧបទ្រព ក្នុងឆ្នាំចាស់ និងទទួលនូវពរជ័យសិរីមង្គល ក្នុងឆ្នាំថ្មី។ ជាមួយគ្នានោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីរីករាយ និងអំណរគុណ ចំពោះសាមគ្គីភាពជាធ្លុងមួយរវាងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ នៃក្រសួងសុខាភិបាល ក្នុងការបំពេញភារកិច្ចជាបន្តបន្ទាប់ ហើយដែលស្តែងចេញតាមរយៈតំណាងនៃការអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត បង្សុកូល ឧទ្ទិសកុសលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ នាវេលាដ៏ត្រចះត្រចង់នេះ ៕