លោក Zelensky គ្រោងជះលុយ ៥០ ពាន់លានដុល្លារទិញអាវុធអាមេរិក ផ្គាប់ចិត្តលោក Trump

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃពុធនិយាយថា ប្រទេសអ៊ុយក្រែនបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចំណាយលុយពី ៣០ ទៅ ៥០ ពាន់លានដុល្លារ ទិញកញ្ចប់សព្វាវុធទ្រង់ទ្រាយធំពីរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AFP។

មេដឹកនាំអ៊ុយក្រែនរូបនេះ បានប្រាប់អ្នកកាសែតនៅទីក្រុងកៀវយ៉ាងដូច្នេះថា យើងត្រៀមខ្លួនរួចរាល់ហើយ យើងនឹងទិញសព្វាវុធយោធាទ្រង់ទ្រាយធំពីភាគីអាមេរិក ជាមួយនឹងការចំណាយកញ្ចប់ថវិកាពី ៣០ ឬ ៥០ ពាន់លានដុល្លារ។

ការអះអាងបែបនេះរបស់លោក ហ្សេលេនស្គី ធ្វើឡើងក្នុងគ្រាដែលជំនួយយោធាអាមេរិកនាពេលអនាគតដល់អ៊ុយក្រែន នៅតែមិនប្រាកដប្រជា ស្ថិតក្រោមគោលនយោបាយបច្ចុប្បន្នរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ស្តីពីសង្រ្គាមរុស្ស៊ី និង អ៊ុយក្រែន។

យោងតាមសារព័ត៌មាន Kyiv independent បច្ចុប្បន្នអាមេរិកលែងជាម្ចាស់ជំនួយយោធាដ៏ធំរបស់អ៊ុយក្រែនទៀតហើយ ដោយបង្វែរឱ្យបណ្តាប្រទេសនៅអឺរ៉ុបដើរតួនាទីសំខាន់នេះជំនួសវិញ។

យោងតាមវិទ្យាស្ថានស្រាវជ្រាវអាល្លឺម៉ង់ Kiel អាមេរិកបានផ្តល់ជំនួយចំនួន ១១៩.៨ ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីកងទ័ពរុស្ស៊ីវាយចូលលុកលុយពេញទំហឹងប្រឆាំងអ៊ុយក្រែនក្នុងឆ្នាំ ២០២២ រួមទាំងជំនួយយោធាចំនួន ៦៧.១ ពាន់លានដុល្លារ ជំនួយហិរញ្ញវត្ថុចំនួន ៤៩ ពាន់លានដុល្លារ និងជំនួយមនុស្សធម៌ចំនួន ៣.៦ ពាន់លានដុល្លារ៕

ប្រភព ៖ AFP និង Kyiv independent

អត្ថបទដែលជាប់ទាក់ទង