សម្តេចបវរធិបតី សម្រេចឱ្យរៀបចំដីជាង ៧០ហិកតា នៅតំបន់កប់ស្រូវ ដើម្បីរៀបចំរៀបជាសួនសាធារណៈកម្សាន្ត និងកីឡា
(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស មរតកតេជោ” នាព្រឹកថ្ងៃទី០៧ខែមេសាឆ្នាំ២០២៥សម្តេចបវរធីបតី ហ៊ុន ម៉ាណែត បានសម្រេចឱ្យអភិបាលរាជធានីភ្នំពេញ រៀបចំដីនៅតំបន់ទំនប់កប់ស្រូវជាង៧០ហិកតាដើម្បីរៀបចំជាសួនសាធារណៈជាកន្លែងលំហែកាយដល់ប្រជាពលរដ្ឋ ។
សម្តេចធីបតី បានគូសបញ្ជាក់ថា៖«ឡូវនៅរាជធានីភ្នំពេញខ្ញុំឱ្យរៀបចំនៅកន្លែងផ្លូវកប់ស្រូវ ត្រៀមជាង៧០ហិកតា ដើម្បីធ្វើសួនសាធារណៈឱ្យអ្នកក្រុងភ្នំពេញកម្សាន្ត ។ មានអ្នកគេវាយតម្លៃថាតំបន់នឹងមួយការ៉េ១ពាន់ដុល្លារ អ៊ីចឹងជាង ៧០ហិកតា បានជាង ៧០លានដុល្លារ ។ កន្លែងនេះ យើងទុកជាកន្លែងសាធារណៈសម្រាប់អ្នករាជធានីភ្នំពេញ ហើយថ្ងៃក្រោយ អ្នកនៅតាមបណ្តាខេត្ត ក៏អាចមកលេងបាន ។
សម្តេចធីបតី បានលើកឡើងថា កន្លែងដែលនឹងរៀបចំនេះ ក៏អាចរៀបចំការប្រគុំតន្ត្រីនៅថ្ងៃសៅរ៍ អាទិត្យ ដើម្បីសប្បាយរីករាយ ។ ពេលនេះ ឯកឧត្តម ឃួង ស្រេង កំពុងរៀបចំដាំដើមឈើរាប់ពាន់ដើម ដើម្បីដាំនៅទីនោះ ។ នៅថ្ងៃមុខ នៅចំកណ្តាលក្រុងធំៗ ត្រូវតែមានទីធ្លាទូលំទូលាយជាសាធារណៈសម្រាប់ជូនប្រជាពលរដ្ឋកម្សាន្ត។
ជាមួយគ្នានោះដែរ សម្តេចធិបតី ក៏បានឱ្យដឹងនៅតាមបណ្តាខេត្តខ្លះ សម្តេចបានឱ្យយោបល់ទុកដី ១០០ហិកតា ឬ២០០ហិកតា សម្រាប់រៀបចំកន្លែងសាធារណៈសម្រាប់ប្រជាពលរដ្ឋផងដែរ។ សម្តេចបវរធិបតីបានបញ្ជាក់ថា៖ អ៊ីចឹងត្រូវរកដីទុកឱ្យហើយទៅ សម្រាប់រៀបចំកន្លែងសាធារណៈឱ្យប្រជាពលរដ្ឋ ដែលនៅតាមខេត្តនីមួយៗ ។ នេះហើយជាការប្រកួតប្រជែងរបស់ខេត្តនីមួយៗ ការរៀបចំកន្លែងសារធាណៈកាន់តែច្រើន កាន់តែល្អ ។
សម្តេចក៏បានគាំទ្រចំពោះការអភិវឌ្ឍរបស់ខេត្តកែប ដែលរៀបចាក់ខ្សាច់ ដើម្បីរៀបចំកន្លែងសាធារណៈសម្រាប់ប្រជាពលរដ្ឋកម្សាន្ត ។ ការធ្វើបែបនេះ ក៏ជាកន្លែងសម្រាប់ទាក់ភ្ញៀវទេសចរក្នុងខេត្ត និងមកពីក្រៅប្រទេសផងដែរ ៕