សម្តេចធិបតី៖ ការអភិវឌ្ឍប្រទេស ការកសាងសមិទ្ធផល និងភាពប្រែប្រួលប្រកបដោយចីរភាព គឺត្រូវកសាងជំនាញ​ពីបរទេស​ដែលមកជួយ ហើយត្រូវបណ្តុះបណ្តាលធនធានមនុស្សខាងក្នុង ដើម្បី​អាចមាន​សមត្ថភាព​ដែលជារបស់យើង ហើយមានលទ្ធភាពធ្វើការដោយខ្លួនឯង ជាមួយភាពម្ចាស់ការខ្ពស់ដោយមិនពឹង​ដង្ហើមគេដក​

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី “សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសមរតកតេជោ” នាព្រឹកថ្ងៃចន្ទ ទី៧ ខែមេសា​ ឆ្នាំ២០២៥ ថាការអភិវឌ្ឍប្រទេស ការកសាងសមិទ្ធផល និងភាពប្រែប្រួលប្រកបដោយចីរភាព គឺត្រូវកសាងជំនាញ​ពីបរទេស​ដែលមកជួយ ហើយត្រូវបណ្តុះបណ្តាលធនធានមនុស្សខាងក្នុង ដើម្បី​អាចមាន​សមត្ថភាព​ដែលជារបស់យើង ហើយមានលទ្ធភាពធ្វើការដោយខ្លួនឯង ប្រកបដោយភាពម្ចាស់ការខ្ពស់ ដោយមិនពឹង​ដង្ហើមគេដក។ ជាឧទាហរណ៍, អគារវិមានសន្តិភាព គឺឈ្មោះបញ្ជាក់អំពីសន្តិភាព​ដែលយើងចង់បាន ត្រូវថែរក្សា និងការពារឱ្យបាន ជាពិសេសកសាង​ដោយ​កូនខ្មែរសុទ្ធសាទ ទាំងស្ថាបត្យកម្ម និងសំណង់។

ជាមួយគ្នានេះ, សម្តេចធិបតី បានលើកឡើងថា ពេលជីវភាពរស់នៅកាន់តែប្រែប្រួល ប្រជាពលរដ្ឋកាន់តែមានលទ្ធភាពទិញ​សម្ភារៈប្រើប្រាស់ និងមធ្យោបាយធ្វើដំណើរ យើងគ្មានសិទ្ធិហាម​មិនឱ្យគេទិញនោះទេ ដូចនេះ យើងមានតែត្រូវ​ខិតខំ គិតគូរពង្រីកហេដ្ឋារចនាសម្ព័ន្ធបន្ថែម។ រាជរដ្ឋាភិបាល បានណែនាំឱ្យសិក្សារៀបចំផ្លូវបន្ថែម ទាំងអាកាស ក្រោមដី ហើយឈាន​ទៅក្រោមទឹក ដោយសម្តេចបវរធិបតី បញ្ជាក់ថា យើងមិនដើរថយក្រោយនោះទេ គឺយើងមានបុរេសកម្ម ដោយគ្រោងធ្វើស្ពានតភ្ជាប់មុននឹងទីក្រុងរីក ឬ​មានកំណើននៃការរស់នៅ។ ជាក់ស្តែង ក្នុងទីតាំងនេះ,សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមកសម្ពោធសមិទ្ធផលជាច្រើន សមិទ្ធផលទាំងនេះ គឺជាសមិទ្ធផលដែលដាក់បម្រើជូនប្រជាពលរដ្ឋប្រើប្រាស់ដោយមិនគិតប្រាក់។ ថ្ងៃនេះ ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលជាដំណើរនៃការអភិវឌ្ឍពីមួយជំហានទៅ​មួយ​ជំហានទៀត ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានចង្អុលបង្ហាញអំពីបញ្ហានៃការកកស្ទះ មិនមែនត្រឹមតែរឿងអំពីការកសាងហេដ្ឋារចនាសម្ព័ន្ធនោះទេ តែត្រូវ​គិតអំពីរំហូរចរាចរណ៍ និងចរន្ត​ឱ្យបានល្អប្រសើរ ទើបអាចពិនិត្យ និងដោះស្រាយ។ សម្តេចធិបតី បានបញ្ជាក់អំពី​ការ​គាំទ្រដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងសាធារណការ និងដឹកជញ្ជូន និង រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសិក្សារៀបចំផែនការចរាចរណ៍ និងចរន្តឱ្យបាន​ច្បាស់​លាស់ គោលដៅធានាដល់រំហូរឱ្យបាន និងមិនមានការកកស្ទះ ហើយត្រូវរៀបចំការគិតគូរ ទូទាំង​រាជធានីភ្នំពេញតែម្តង ទាំងចរន្តខាងក្នុង និងការចេញចូលរាជធានីភ្នំពេញ។

មុននឹងបញ្ចប់, សម្តេចធិបតីនាយករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យរដ្ឋបាលរាជធានីភ្នំពេញ សិក្សារៀប​ចំសួនច្បារសាធារណៈ ដើម្បីបម្រើជូនដល់ប្រជាជនក្នុងការលេងកីឡា កម្សាន្ត និងព្រមទាំងបង្កើតភាពទាក់ទាញទេសចរក្នុងស្រុកផង និងឈានទៅទាក់ទាញទេសចរក្រៅស្រុក។ ជាក់ស្តែង ទេសចរក្នុងស្រុក នាំទេសចរបរទេស ពេលប្រទេសយើងរីកចម្រើន​កាន់តែខ្លាំង កម្រិត​នៃការរស់នៅ ជីវភាព និងស្ថានភាពប្រចាំថ្ងៃនឹងប្រែប្រួលដូចប្រទេស​ជឿនលឿនផងដែរ។ អាស្រ័យហេតុនេះ យើងអាចនឹងឃើញថាអ្នកមាន លទ្ធភាពអាចធ្វើដំណើរទៅខេត្តព្រះសីហនុ ឬខេត្តជិតណា​មួយនៃគោលដៅទេសចរណ៍នាចុង​សប្តាហ៍ តែសម្រាប់ប្រជាពលរដ្ឋដែល​មាន​ពេលវេលា​ខ្លី ឬកម្រិតជីវភាពសមល្មម អាចទៅកំសាន្ត​នៅទីធ្លាសាធារណៈ ដែលនៅក្បែរផ្ទះ ឬ ក្នុងរាជធានីភ្នំពេញបាន៕

អត្ថបទដែលជាប់ទាក់ទង