រដ្ឋាភិបាលថៃសន្យាបង្កើនការទិញទំនិញអាមេរិក

បរទេស ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានមានប្រសាសន៍ថា រដ្ឋាភិបាលបានសន្យាបង្កើន ការនាំចូលទំនិញ ដូចជា ថាមពល, យន្តហោះ និង ផលិតផលកសិកម្ម ពីសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃការផ្តល់ជូនរបស់ខ្លួន ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃពន្ធ៣៦% របស់សហរដ្ឋអាមេរិក លើការនាំចេញ របស់ថៃ។

ផ្អែកតាមទីភ្នាក់ងារព័ត៌មាន BangkokPost ដែលបានចុះផ្សាយ នៅថ្ងៃចន្ទនេះ លោកស្រី នាយករដ្ឋមន្ត្រី បានអះអាងថា លោក Pichai Chunhavajira រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនឹងដឹកនាំគណៈប្រតិភូ ទៅសហរដ្ឋអាមេរិក នៅសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីបញ្ហាពាណិជ្ជកម្ម ហើយប្រាប់សហរដ្ឋអាមេរិកថា ប្រទេសថៃ មិនត្រឹមតែជាប្រទេសនាំចេញ ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាមិត្តដ៏គួរឱ្យទុកចិត្ត របស់សហរដ្ឋអាមេរិក ផងដែរ។

ការកត់សម្គាល់របស់លោកស្រី បានកើតឡើង មួយថ្ងៃ បន្ទាប់ពីការរិះគន់បានលេចឡើង ជុំវិញការឆ្លើយតបយឺតរបស់រដ្ឋាភិបាល ចំពោះការដំឡើងពន្ធ របស់ប្រធានាធិបតីអាមេរិក លោក Trump ជាពិសេស នៅពេលប្រៀបធៀប ទៅនឹងប្រតិកម្មរហ័ស របស់មេដឹកនាំនៃបណ្តាប្រទេសអាស៊ាន ផ្សេងៗទៀត នេះបើតាម BangkokPost ដដែល។

លោកស្រី Paetongtarn បាននិយាយដែរថា «យើងជឿថា ពិភពលោកនឹងឃើញ ការសងសឹក យ៉ាងខ្លាំងក្លា តាមរយៈឧបករណ៍ពន្ធ។ ប្រទេសជាច្រើន បានសម្រេចចិត្ត ពិភាក្សាជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ប៉ុន្តែគ្មាននរណាម្នាក់ បានឃើញលទ្ធផលសន្និដ្ឋាន ណាមួយឡើយ»។

លោកស្រី បន្តថា «វិធានការថ្មីនេះ មានផលប៉ះពាល់យ៉ាងខ្លាំង ដល់ការនាំចេញរបស់យើង ជាពិសេស គ្រឿងអេឡិចត្រូនិក, អាហារកែច្នៃ និងផលិតផលកសិកម្ម»៕

ប្រភពពី៖ BangkokPost

អត្ថបទដែលជាប់ទាក់ទង