ក្រសួងសង្គមកិច្ច សហការជាមួយ រដ្ឋបាលខេត្តតាកែវ ជំរុញលើកទឹកចិត្ត វិស័យឯកជន ជ្រើសរើសនិយោជិត ជាជនមានពិការភាពចូលបម្រើការងារ តាមអត្រាកំណត់នៃច្បាប់

(តាកែវ)៖ ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, លោក ចាប តូ អនុរដ្ឋលេខាធិការ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី «កាតព្វកិច្ចរបស់និយោជក លើការអនុវត្តការចុះបញ្ជិកាក្រុមហ៊ុន រោងចក្រ សហគ្រាស ក្នុងការជ្រើសរើសនិយោជិតជាជនមានពិការភាពចូលបម្រើការងារ»។

កម្មវិធីនេះមានការអញ្ជើញចូលរួម ពីលោក មូល វិចិត្រ អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ លោក អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានស្តារសម្បទា អគ្គនាយករង ស្តារសម្បទា តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងមូលនិធិជនពិការ ប្រធានមន្ទីរស.អ.យ.ខេត្ត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត តំណាងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) តំណាងរោងចក្រ សហគ្រាស វិស័យឯកជន ប្រមាណចំនួន១០០នាក់ ដែលសហការរៀបចំដោយនាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងមន្ទីរ ស.អ.យ. ខេត្តតាកែវ។

ក្នុងឱកាសនោះដែរ លោក ចាប តូ អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច បានផ្តល់អនុសាសន៍គន្លឹះដូចខាងក្រោម៖

• ស្នើសុំគ្រប់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងវិស័យឯកជន ទាំងអស់បន្តចូលរួមក្នុងការអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងអនុក្រឹត្យលេខ ១០៨ អនក្រ.បក ស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ អោយកាន់តែមានប្រសិទ្ធភាព
• ស្នើដល់គ្រប់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងវិស័យឯកជន មកចុះបញ្ជិកា និងបន្តសុពលភាពវិញ្ញាបនបត្រ ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
• គ្រប់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងវិស័យឯកជន ត្រូវរៀបចំផែនការ និងជ្រើសរើសជនមានពិការភាពចូលបម្រើការងារឱ្យបានគ្រាប់អត្រាកំណត់នៃច្បាប់ ១%
• ផ្សព្វផ្សាយដល់បុគ្គលិក កម្មករ និយោជិក ដែលមានពិការភាព ទៅសម្ភាសអត្តសញ្ញាណកម្មពិការភាព នៅតាម ឃុំ/សង្កាត់ របស់ខ្លួនឱ្យបានគ្រប់ៗគ្នា
• រៀបចំ ឬកែសម្រួលហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួល (ផាសុកវត្ថុ និងផាសុកសមរ្យ) សម្រាប់ជនមានពិការភាព នៅតាមស្ថាប័នរបស់ខ្លួនឱ្យបានសមស្រប
• ផ្តល់ការលើកទឹកចិត្តសមស្របដល់ជនមានពិការភាពដែលកំពុងបម្រើការងារនៅតាមគ្រឹះស្ថានរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង