ព្រះតេជគុណ ជួន កក្កដា បានជូនដំណឹងលាចាកសិក្ខាបទ ក្រោយសាងផ្នួសអស់រយៈពេលជាងម្ភៃឆ្នាំ
នៅព្រឹកថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២៤ នេះ ព្រះតេជគុណ ជួន កក្កដា នាយកសាលាពុទ្ធិកបឋមសិក្សាប្រាសាទនាងខ្មៅ ដែលល្បីល្បាញពេញផ្ទៃប្រទេស និង រន្ទឺដល់ខាងក្រៅ បានជូនដំណឹងលាចាកសិក្ខាបទ ក្រោយសាងផ្នួសអស់រយៈពេលជាងម្ភៃឆ្នាំ។
ជាក់ស្តែង តាមការចេញវីដេអូនៅលើទំព័រហ្វេសប៊ុក ព្រះតេជគុណថា នេះគឺជាវីដេអូចុងក្រោយ ហើយក៏ជាការតាំងចុងក្រោយនូវភេទជាបព្វជិត។ ជាការពិត ម៉ោង ៨-៩ ព្រឹកថ្ងៃនេះ ព្រះតេជគុណ នឹងលាចាកសិក្ខាបទក្លាយគ្រហស្ថ។
តាមការរៀបរាប់ ព្រះតេជគុណ ជួន កក្កដា បានសាងផ្នួសតាំងពីអាយុ ១៣ ឆ្នាំ ចូលក្នុងព្រះពុទ្ធសាសនា បើគិតមកទល់បច្ចុប្បន្នមានរយៈពេលប្រមាណ ២៧ ចូល ២៨ ឆ្នាំ ហើយព្រះតេជគុណមានព្រះជន្ម ៤០ វស្សា។ ការមិនប្រាប់ដំណឹងទុកមុន ព្រះតេជគុណមិនចង់ឱ្យញាតិញោមមិនសប្បាយចិត្ត ព្រោះព្រះតេជគុណឃើញថាគ្រប់គ្នាសុទ្ធតែគាំទ្រ ស្រលាញ់ចូលចិត្ត និង ជ្រះថ្លា ទាំងក្នុង និង ក្រៅប្រទេសចំពោះព្រះតេជគុណ។
ចំពោះហេតុផលក្នុងការសម្រេចចិត្តលាចាកសិក្ខាបទ ព្រះតេជគុណថា ជាការសម្រេចចិត្តដោយខ្លួនឯង ព្រោះអស់បុណ្យជាព្រះសង្ឃតែម្តង។ តាំងពីសាងផ្នួសរហូតលាចាកសិក្ខាបទ ក្នុងមួយឆ្នាំៗព្រះតេជគុណ តែងសម្ដែងធម្មទេសនា និង ជួយកុមារកំព្រា និង មានជីវភាពខ្វះខាត ឱ្យបានសិក្សារៀនសូត្រ ដែលមានចំនួនសរុបប្រមាណ ៤៦៧៧ នាក់៕