សម្តេចតេជោ ហ៊ុន សែន ជូនពរប្រជាពលរដ្ឋរីករាយជួបជុំគ្រួសារ និងទទួលបានសុខសុវត្ថិភាព ក្នុងឱកាសនៃពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ ៖ ផ្តើមដោយពាក្យ”អនុមោទនា ថ្ងៃកាន់បិណ្ឌ៣” សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារជូនពរបងប្អូនប្រជាពលរដ្ឋនាឱកាសពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ដែលមានខ្លឹមសារថា “ថ្ងៃទី២ តុលានេះ ត្រូវនឹងថ្ងៃច័ន្ទ ៣រោច ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ គឺជាថ្ងៃកាន់បិណ្ឌ៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក”។
សម្តេចបន្តថា “ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។ ពិធីកាន់បិណ្ឌនេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ខែភទ្របទ(៣០ ខែកញ្ញា) ដល់ថ្ងៃ១៤រោច ខែភទ្របទ(១៣ខែតុលា) ឆ្នាំ២០២៣។
សម្តេចក៏ “សូមជូនពរ បងប្អូនប្រជាពលរដ្ឋ រីករាយរាយជួបជុំគ្រួសារ និង ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកាសនៃពិធីកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌ “ ៕