ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់អនុសាសន៍៦ចំណុច ដល់ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងប្រសិទ្ធភាពវិស័យកីឡាកងទ័ព
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ។
ក្នុងឱកាសនោះដែរ ដើម្បីអនុវត្តតាមផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលលើវិស័យកីឡា ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និងបន្ថែមលើទិសដៅការងារឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា សូមផ្តល់អនុសាសន៍ណែនាំមួយចំនួនដូចតទៅ៖
ទី១៖ ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ ត្រូវបន្តយកចិត្តទុកដាក់សហការឱ្យបានជិតស្និទ្ធជាមួយ ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ រៀបចំវិស័យកីឡាកងយោធពលខេមរភូមិន្ទឱ្យកាន់តែមានប្រសិទ្ធភាព ធានាជោគជ័យក្នុងការចូលរួមប្រកួតកីឡាកម្រិតជាតិ និងអន្តរជាតិ។
ទី២៖ ពង្រឹងសមត្ថភាពប្រភេទកីឡាក្នុងកងយោធពលខេមរភូមិន្ទ ដែលមានសក្តានុពល និងឈានមុខគេនៅក្នុងប្រទេស និងមានការគាំទ្រយ៉ាងផុលផុសពីសាធារណជន ដូចជា កីឡាប្រដាល់គុនខ្មែរ បាល់ទាត់ បាល់ទះ ដើម្បីទៅចូលរួមប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិ និងត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាផ្សេងៗ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៥។
ទី៣៖ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត និងទំនាក់ទំនងស្វែងរកប្រភពចំណូល ជំនួយ ឧបត្ថម្ភថវិកា សម្ភារៈ មធ្យោបាយពីសប្បុរសជនជាតិ អន្តរជាតិ បណ្តាក្រុមហ៊ុននានាសម្រាប់ទ្រទ្រង់អភិវឌ្ឍ វិស័យកីឡាទាំងរចនាសម្ព័ន្ធទន់-រឹង ឱ្យមានការរីកចម្រើន សំដៅលើកកម្ពស់សមត្ថភាពបច្ចេកទេសកីឡាក្នុងកងយោធពលខេមរភូមិន្ទឱ្យមានលទ្ធភាពប្រកួតនៅគ្រប់ព្រឹត្តិការណ៍ក្នុង និងក្រៅប្រទេសទាំងលក្ខណៈជាតិ អន្តរជាតិប្រកបដោយជោគជ័យ។
ទី៤៖ បន្តពង្រឹងក្របខណ្ឌដែលមានស្រាប់ ក្នុងការជ្រើសរើសប្រមូលផ្តុំគ្រូបង្វឹក កីឡាករ កីឡាការិនី ដែលមានសមត្ថភាព គុណវុឌ្ឍ ទេពកោសល្យ មកពីគ្រប់កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ ធ្វើការអប់រំ ហ្វឹកហាត់ ប្រកួតជាប្រចាំទាំងរយៈពេលខ្លី មធ្យម វែង តាមផែនការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីត្រៀមខ្លួនប្រកួតក្នុងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ។ សហការជាមួយបណ្តាប្រទេសសមាជិកក្រុមប្រឹក្សាកីឡាអន្តរជាតិ រៀបចំផែនការសកម្មភាពកីឡា និងចាត់បញ្ជូនមន្ត្រីបច្ចេកទេស គ្រូបង្វឹក និងកីឡាករ កីឡាការិនីមានទេព កោសល្យឆ្នើម ទៅបំពេញកម្មសិក្សា ហ្វឹកហាត់ និងប្រកួតនៅក្រៅប្រទេស។
ទី៥៖ ជំរុញគ្រប់បណ្តាកងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ ធ្វើការហ្វឹកហាត់ក្រុមគ្រូ ក្រុមកីឡាករ កីឡា ការិនីដែលកំពុងមានស្រាប់ឱ្យកាន់តែមានសមត្ថភាពរឹងមាំ ដើម្បីចូលរួមប្រកួតដណ្តើមពានរង្វាន់ទទួលបានជោគជ័យថ្មីៗថែមទៀត។ ជំរុញការឃោសនាផ្សព្វផ្សាយ អប់រំវិស័យកីឡា និងបណ្តុះបណ្តាលកីឡាករ កីឡាការិនី ចូលរួមឱ្យបានកុះករងាយស្រួលធ្វើការជ្រើសរើស សម្រិតសម្រាំងកីឡាករ កីឡាការិនីដែលមានទេពកោសល្យឆ្នើមៗ ប្រចាំកងឯកភាពទ័ពជំនាញ។
និងទី៦៖ ផ្សព្វផ្សាយជូនគ្រប់កងឯកភាពដែលមានរៀបចំវិស័យកីឡាលើកគម្រោងថវិកាសម្រាប់ឆ្នាំ២០២៥មក ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ តាមច្រកចេញចូលតែមួយ។
រដ្ឋមន្ត្រីការពារជាតិ បានលើកឡើងថា នៅក្នុងឆ្នាំ២០២៤ កីឡាក្នុងកងយោធពលខេមរភូមិន្ទមានការរីកចម្រើនគួរកត់សម្គាល់ទាំងវឌ្ឍនភាព គុណភាព គុណផល កីឡាករ កីឡាការិនី និងទទួលបានមេដាយជាច្រើនជូនជាតិមាតុភូមិ។ សមិទ្ធផលទាំងនេះបញ្ជាក់ឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ និយាយជារួមមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និយាយដោយឡែកដែលបានយកអស់កម្លាំង ប្រាជ្ញាស្មារតី សហការសាមគ្គីគ្នាបានយ៉ាងល្អ ក្នុងការបំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវ រហូតឈានដល់សម្រេចបានសមិទ្ធផលនានាជាច្រើនគួរជាទីមោទនៈ។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបន្ថែមថា កម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា, ក្រសួងការពារជាតិ បានចាត់ទុកវិស័យកីឡា គឺជាការងារអាទិភាពមួយយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍បញ្ចៀសបាននូវការប្រព្រឹត្តបញ្ហាសង្គមនានាដូចជា៖ ការប្រើប្រាស់គ្រឿងញៀន អំពើហិង្សា និងទង្វើអសីលធម៌ផ្សេងៗ។ កីឡារក្សាបាននូវកម្លាំងកាយរឹងមាំ សុខភាពផ្លូវកាយ ចិត្តល្អប្រសើរ ប្រាជ្ញាស្មារតីរហ័សរហួន បង្កើនផលិតភាពការងារ ភាតរភាព សុខមាលភាពក្នុងក្រុមគ្រួសារ និងលើកកម្ពស់សុខដុមនីយកម្មក្នុងសង្គមជាតិទាំងមូល។ លើសពីនេះកីឡាក៏ជា ការទូតមួយដ៏សំខាន់ក្នុងការទំនាក់ទំនងផ្នែកសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម សម្រាប់អភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនផងដែរ។