គម្រោងការសាងសង់ផ្លូវរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញនិងព្រលានយន្តហោះអន្តរជាតិតេជោ ចេញសកម្មភាពបន្តបន្ទាប់
នៅដើមខែមីនាឆ្នាំ២០២៥នេះ អ្នកជំនាញមកពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)បានមកកម្ពុជាហើយបានជួបដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដើម្បសិក្សា លើគម្រោងផ្លូវរថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញ និងរថភ្លើងធុនស្រាលតភ្ជាប់រវាងរាជធានីភ្នំពេញ និង ព្រលានយន្តហោះអន្តរជាតិតេជោ។
បេសកកម្មរបស់អ្នកជំនាញមកពិនិត្យលើគម្រោងសិក្សាបឋមបណ្តាញរថភ្លើងក្រោមដី នៅរាជធានីភ្នំពេញនេះ គឺជាការអនុវត្តតាមអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីដែលបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។
កិច្ចប្រជុំលើកទី១ របស់ក្រុមការងាររៀបចំ និងអនុវត្តគម្រោងសិក្សាបឋមបណ្តាញរថភ្លើងក្រោមដីនេះ ធ្វើឡើងដើម្បីប្រមូលធាតុចូល នៅតាមទីតាំងដែល បានកំណត់ក្នុងបណ្តា ផ្លូវ របៀងធំៗក្នុងរាជធានីភ្នំពេញ ព្រមទាំងចុះពិនិត្យស្ថានីយ ចំណតឡានក្រុង ស្ថានីយរថភ្លើងរាជធានីភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិតេជោ តំបន់អភិវឌ្ឍថ្មី ក្រុងរណបថ្មី និងទីតាំង ផ្សេងៗទៀត ដើម្បីកំណត់ខ្សែផ្លូវ សំរាំង និងខ្សែផ្លូវអាទិភាព សម្រាប់សិក្សាសមិទ្ធិលទ្ធភាព និងពិនិត្យលទ្ធភាពក្នុងការសាងសង់ បណ្តាញដឹកជញ្ជូនសាធារណៈក្រុង ក្នុងរាជធានីភ្នំពេញ។ តាមរបាយការណ៍សិក្សា ដែលក្រសួងសាធារណការ បានផ្សព្វផ្សាយកន្លងមកបានអោយដឹងថា ក្នុងរាជធានី ភ្នំពេញ គ្រោងអោយមានផ្លូវរថភ្លើងក្រោមដី ចំនួន ៤ខ្សែ ដែលខ្សែផ្លូវ នីមួយៗ មានប្រវែងពី ១៦គីឡូម៉ែត្រ ទៅ ២៩ គីឡូ ម៉ែត្រ។
សូមបញ្ជាក់ថា គម្រោងផ្លូវរថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញ និងរថភ្លើងធុនស្រាលតភ្ជាប់រវាងរាជធានីភ្នំពេញ និង ព្រលានយន្តហោះអន្តរជាតិតេជោនេះ បានកើតឡើងបន្ទាប់ពីរាជរដ្ឋាភិបាល កាលពីថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២៣ បានចេញសេចក្តីសម្រេចមួយស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការ សិក្សាគម្រោង ផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញដោយមានឯកឧត្តមស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាប្រធាន។
សូមបញ្ជាក់ថា ផ្លូវរថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញ និងរថភ្លើងធុនស្រាល តភ្ជាប់រវាងរាជធានីភ្នំពេញ និងព្រលានយន្តហោះអន្តរជាតិតេជោ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ សម្រួលការធ្វើដំណើរគ្រាដែលចរាចរណ៍ក្នុងរាជធានីភ្នំពេញកាន់តែកកស្ទះ ដោយសារកំណើនប្រជាពលរដ្ឋនិងយានយន្ត។
យោងតាមលទ្ធផលបឋម នៃអង្កេតចន្លោះជំរឿនប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤ បានឲ្យដឹងថា កំណើនប្រជាពលរដ្ឋបានឡើងដល់ជាង ១៧លាន២៨ម៉ឺននាក់ ខណ:នៅក្នុងរាជធានីភ្នំពេញ បានកើនដល់ជាង ២ លាន៣៥ម៉ឺននាក់ ពោលគឺស្មើ ១៣,៦ភាគរយ។ ហើយបើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានអោយដឹងថា ក្នុងឆ្នាំ២០២៤កន្លងនេះមានយានយន្តបានចុះបញ្ជីសរុបទូទាំងប្រទេសចំនួន ៤១៣ ០៦៧ គ្រឿង ក្នុងនោះ ម៉ូតូ ៣៥៣ ៦០៣ គ្រឿង យានយន្តធុនស្រាល ៥៤ ៦៩២គ្រឿង និងយានយន្តធុនធ្ងន់ ៥ ៨៤១គ្រឿង។ សូមបញ្ជាក់ថា ចំងាយផ្លូវពីភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិតេជោ មានប្រវែងប្រមាណ៣០គីឡូម៉ែត្រ៕