«អង្គរសង្ក្រាន្ត»ឆ្នាំនេះ កាន់តែធំ និងពិសេស ជាងឆ្នាំមុនៗ
សៀមរាប៖ ព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» នឹងត្រូវរៀបចំជាថ្មី នៅទឹកដីអង្គរ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៥ ជាមួយនឹងការរៀបចំធំជាងមុន និងកម្មវិធីពិសេសៗ មិនធ្លាប់មានពីមុនមក។ លោក សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តបញ្ជាក់ថា ព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» នៅឆ្នាំនេះ នឹងមានកម្មវិធីធំៗចំនួន៣៨ ដែលរួមកមានម្មវិធីកម្សាន្ត ប្រពៃណី វប្បធម៌ និងពិព័រណ៍ជាដើម។ កម្មវិធីទាំងនោះ នឹងរៀបចំឡើង នៅចំនួន ៦ទីតាំងខុសៗគ្នា គឺនៅបរិវេណមុខប្រាសាទអង្គរវត្ត, សួនច្បារព្រះរាជដំណាក់, ដងស្ទឹងសៀមរាប, បណ្ដោយផ្លូវ King’s Road, តំបន់ផាប់ស្ទ្រីត និងអង្គរឃ្យុងយូ។ តើកម្មវិធី ឬទស្សនីយភាពពិសេសអ្វីខ្លះ នឹងមានក្នុងព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត»នៅឆ្នាំនេះ?
ព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» ដែលផ្តើមរៀបចំឡើងដំបូងបង្អស់ ក្នុងឆ្នាំ២០១៣ បានក្លាយជាស្មារតីនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ។ ព្រឹត្តិការណ៍នេះ មិនត្រូវបានរៀបចំឡើយ នៅក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩ និងនៅឆ្នាំ២០២៤កន្លងទៅ។ នៅឆ្នាំនេះ ព្រឹត្តិការណ៍វប្បធម៌ «អង្គរសង្ក្រាន្ត» នឹងវិលត្រឡប់មកវិញ ដែលនឹង ប្រារព្ធឡើងពីថ្ងៃទី១៤-១៦ ខែមេសា ក្រោមប្រធានបទ «ញញឹម សាទរសង្ក្រាន្ត ឆ្នាំថ្មី»។
សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មាន នៅរមណីយដ្ឋានអង្គរ នៅថ្ងៃទី៩ ខែមីនា ស្តីពីការរៀបចំព្រឹត្តិការណ៍អង្គសង្ក្រាន្ត ឆ្នាំ២០២៥នេះ។
ក្នុងសន្និសីទនោះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លើកឡើងថា ការរៀបចំព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» នឹងកាន់តែធំ ហើយមានទិដ្ឋភាពជាច្រើនដែល ទាក់ទាញ និងប្លែកជាងឆ្នាំមុនៗ។ លោក ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះ៖ «យើងខំប្រឹងប្រែង រៀបចំធ្វើយ៉ាងណាឱ្យភាពទាក់ទាញនៅតែមាន ប្រែប្រួលខុសពីលើកមុនៗ ដើម្បីទាក់ទាញ ការអញ្ចើញចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ […] ខ្ញុំសូមបញ្ជាក់ថា ខេត្តសៀមរាប ពិតជាអស្ចារ្យក្នុងការទទួលនូវភាពសប្បាយរីករាយក្នុងឆ្នាំ២០២៥នេះ។»។
នាសន្និសីទនោះដែរ លោក សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានបញ្ជាក់ថា «អង្គរសង្ក្រាន្ត»ឆ្នាំនេះ នឹងធ្វើឡើងនៅទីតាំងធំៗចំនួន៦ រួមមានបរិវេណមុខប្រាសាទអង្គរវត្ត, សួនច្បារព្រះរាជដំណាក់, ដងស្ទឹងសៀមរាប, បណ្ដោយផ្លូវ King’s Road, តំបន់ផាប់ស្ទ្រីត និងអង្គរឃ្យុងយូ។
បើតាម លោក សុខ សប្បាយណា កម្មវិធីធំៗចំនួន៣៨ នឹងត្រូវរៀបចំ និងបង្ហាញឡើង នៅ«អង្គរសង្ក្រាន្ត» ឆ្នាំនេះ ដែលមានដូចជា ការសម្ដែងទស្សនីយភាពសិល្បៈ «ចង្វាក់បេះដូង អង្គរ» (Angkor Comes to Live) ដែលជាទស្សនីយភាពសិល្បៈមិនធ្លាប់មាន ក្នុងក្របខណ្ឌអង្គរសង្ក្រាន្តកន្លងមក។ ក្រៅពីនេះមាន តំបន់ភូមិខ្ញុំ, ការប្រកួតអុកចត្រង្គ, ការប្រកួតអក្សរចម្លាក់អង្គរ ភូមិត្នោត, ភូមិរចនា,ការតាំងបង្ហាញក្រមាវែងជាងគេ,ក្បូនដង្ហែអង្គរសង្ក្រាន្តរយៈពេល៣ថ្ងៃ, យុទ្ធគុនចម្រុះបុរាណខ្មែរ, របាំ និងល្បែងប្រជាប្រិយ, របាំបុរាណ ប្រពៃណី និងប្រជាប្រិយ, សួនញញឹមអង្គរ, កម្មវិធីតស់ៗលេងទឹក ល្បែងប្រជាប្រិយ, សួនមុនីហឫទ័យ, ផ្សារដងស្ទឹងសៀមរាប, កម្មវិធីស្រង់ព្រះ ការប្រណាំងរទេះគោ ក្របី និងសេះ, ការវាយត្រដំ ឬវាយកូនគោល និងការពិព័រណ៍ផ្សេងទៀត៕