កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែង​លើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍​ជាអាទិភាព ដល់​ស្ត្រីគ្រប់រូប

ភ្នំពេញ៖ កម្មការិនីក្នុងវិស័យកាត់ដេរ បានលើកឡើងថា រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាស​ការងារ និងអត្ថ​ប្រយោជ​ន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប ហើយស្ត្រីត្រូវបានផ្ដល់សិទ្ធិជា​អាទិភាពជានិច្ច មិនថាក្នុងសង្គម​ការងារ ឬសង្គមគ្រួសារ ពោលគឺពួក​គាត់ទទួលបាននូវការយកចិត្តទុកដាក់ និងលើកកម្ពស់គ្រប់ផ្នែក។

ក្រុមកម្មការិនីនៃក្រុមហ៊ុន សាប្រ៊ីណា (ខេមបូឌា) ហ្គារម៉ិន ម៉ាញូហ្វាក់​ឆឺរីង ខប (SABRINA(CAMBODIA) GARMENT MANUFACTURING CORP.) ក្នុងខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា នៅកន្លែងបំពេញការងារ ពួកគាត់ទទួលបានសិទ្ធិ និង​សមភាព​​ពេញ​លេញនិងមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ផ្ដល់​នូវអត្ថប្រយោជន៍ផ្សេងៗជាច្រើន​ដល់ពួកគាត់ដោយស្មើភាពភាព​គ្នាអាស្រ័យលើសមត្ថភាពជាក់ស្តែង។

កម្មការិនីនៅរោងចក្រនេះបានបញ្ជាក់បន្ថែមថា ពួកគាត់ពិតជា​សប្បាយ​ចិត្ត ដែលមានរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង​ការងារ​និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលតែងតែគិតគូរយកចិត្តទុកដាក់​លើកកម្ពស់ដល់ស្ត្រី ផ្ដល់សិទ្ធិសមភាព អាទិភាព គិតគូរអំពីសុខទុក្ខ ពិសេសតែងមានគោលការណ៍ផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់កិច្ចការរបស់ស្ត្រីជានិច្ច។ ជាមួយគ្នានេះដែរ កម្មការិនីក្នុងវិស័យកាត់ដេរ ក៏​សូមអរគុណដល់រាជរដ្ឋាភិបាល និងក្រសួងការងារនិងបណ្ដុះ​បណ្ដាល​​វិជ្ជាជីវៈ ដែលមានយន្តការវិជ្ជមានក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដោយបានបង្កើនភាពអង់អាចដល់ស្ត្រីនិង​ក្មេងស្រីគ្រប់រូប អាចប្រកប​កិច្ចការងារផ្សេងៗដោយសិទ្ធិសេរីពេញលេញក្នុងសង្គម។

សូមជម្រាបថា ដើម្បីអបអរសាទរទិវាអន្តរជាតិនារី៨ មីនា ខួបទី ១១៤ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនិងបងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន សាប្រ៊ីណា ជាង ៥៥០០​នាក់ បានប្រារព្ធកម្មវិធី​ជប់លៀងអបអរសាទររួមគ្នាយ៉ាង​សប្បាយ​រីករាយ នៅក្នុងបរិវេណក្រុមហ៊ុន សាប្រ៊ីណា ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីចុងសប្ដាហ៍នេះ៕

អត្ថបទដែលជាប់ទាក់ទង