ឯកឧត្ដម ឃួង ស្រេង ព្រឹត្តិការណ៍បាល់ទាត់មិត្ដភាព កម្ពុជា- ថៃ ពិតជាបានរួមចំណែក កាលានុវត្តភាពថ្មីៗសម្រាប់ពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការរវាងដៃគូយុទ្ធសាស្ត្រ ឱ្យកាន់តែប្រសិទ្ធភាព
ភ្នំពេញ៖ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជា ណាចក្រថៃ បានចាប់ផ្តើម នៅរសៀលថ្ងៃទី០៨. មីនា ឆ្នាំ២០២៥ ដោយការប្រកួតលើកទី១ ក្រុមបាល់ទាត់គុនខ្មែរ ឈ្នះក្រុមបាល់ទាត់MUAYTHAI.១គ្រាប់ ហើយការ ប្រកួត លើកទី២វិញ ក្រុមបាល់ទាត់តារាថៃ ឈ្នះក្រុមបាល់ ទាត់តារាកម្ពុជា ១គ្រាប់វិញ។
ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃនេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ម៉ារីត សារៀមផុង្ស រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃនិងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរ ទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណា ចក្រកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅពហុកី ឡាដ្ឋានជាតិអូឡាំពិក។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ព្រឹត្តិការណ៍ក្នុងថ្ងៃនេះ ពិតជាបានរួមចំណែកបន្ថែមទៀត ក្នុងការស្វែងរក កាលានុវត្តភាពថ្មីៗ សម្រាប់ពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការរវាងដៃគូយុទ្ធសាស្ត្រកម្ពុជា-ថៃ ឱ្យកាន់តែប្រសិទ្ធភាព និងប្រកបដោយផ្លែផ្ការ ។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍បន្តថា ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ បានភ្ជាប់ទំនាក់ទំនងការទូតទ្វេភាគីរវាងគ្នាជាយូរមកហើយ គឺចាប់តាំងពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៥០ ហើយទំនាក់ទំនងនេះ ត្រូវបានប្រទេសយើងទាំងពីរ ពង្រឹងពង្រីកកាន់តែរឹងមាំ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់រវាងប្រទេសទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ សុខាភិបាល អប់រំ យោធា និងសន្តិសុខ ព្រមទាំងការចងភ្ជាប់មេត្រីភាព រាជធានីភ្នំពេញ រាជធានីបាំកកថែមទៀតផង ។ ផ្តើមចេញពីទំនាក់ទំនងការទូត រយៈពេល៧៥ឆ្នាំកន្លងទៅនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងទីក្រុងសម្ព័ន្ធមេត្រីភាពកាន់តែមានភាពស៊ីជម្រៅស្អិតរមួតលើគ្រប់វិស័យ ជាពិសេសក្រោមអាណត្តិដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងឯកឧត្តម ថាក់ ស៊ីនស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា នាពេលបច្ចុប្បន្នក្រោមការពូនជ្រុំថែទាំយ៉ាងដិតដល់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ទំនាក់ទំនងជាប្រពៃណី រវាងប្រទេសយើងទាំងពីរ កាន់តែត្រូវបានពង្រឹង និងពង្រីកព្រមទាំងបាននាំមកនូវគុណប្រយោជន៍ សម្រាប់ប្រទេសជាតិ រាជរដ្ឋាភិបាល និងប្រជាជន នៃប្រទេសយើងទាំពីរ ក្នុងន័យស្មើសិទ្ធិ ស្មើភាព និងឧបត្ថម្ភគាំទ្រជួយគ្នាទៅវិញទៅ មកលើគ្រប់វិស័យ ទាំងក្នុងក្របខណ្ឌប្រទេស និងក្នុងក្របខណ្ឌរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ការពង្រឹងពង្រីកទំនាក់ទំនងការទូតទ្វេភាគី និងកិច្ចប្រតិបត្តិការ រដ្ឋបាល ឈានឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តភាព ។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ការប្រកួតបាល់ទាត់មិត្តភាពកម្ពុជា-ថៃ នេះ មិនត្រឹមតែធ្វើឡើងដើម្បីអបអរ សាទរ ខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាលានុវត្តភាពថ្មីមួយទៀត សម្រាប់ការស្វែងយល់ឱ្យកាន់តែ ស៊ីជម្រៅ និងជាការតភ្ជាប់រវាងកីឡាករ កីឡាការិនី សិល្បករ សិល្បការិនី កម្ពុជា-ថៃ ដើម្បីឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាព សាមគ្គីភាព សម្រាប់ជាគុណប្រយោជន៍ នៃប្រទេសយើងទាំងពីរ ក្នុងស្មារតី ក្រោមការឧបត្ថម្ភគាំទ្រនិងជួយគ្នាទៅវិញទៅមកលើគ្រប់វិស័យយ៉ាងពិតប្រាកដ ។
ឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ ព្រឹត្តិការណ៍ប្រកួតបាល់ទាល់ក្នុងឱកាសនេះ រៀបចំឡើងដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ និងដើម្បី ឆ្លុះបញ្ចាំងពីការប្តេជ្ញានៃប្រទេសទាំងពីរក្នុងការពង្រឹងមិត្តភាពអោយកាន់តែស្អិតរមួតបន្ថែមទៀត។
ឯកឧត្ដមបន្តថា៖ រាជរដ្ឋាភិបាលថៃ ប្តេជ្ញាចិត្តសហការយ៉ាងជិតស្និតជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា រួបរួមកម្លាំង ទាំងក្នុងវិស័យរដ្ឋ វិស័យឯកជន និងប្រជាជននៃប្រទេសទាំងពីរ រួមគ្នាជាធ្លុងមួយ ដើម្បីសេចក្តីសុខ ភាពរីកចម្រើនរុងរឿង និងភាពសម្បូរសប្បាយ សំរាប់ប្រជាជនកម្ពុជា និងថៃ ដោយមានមូលដ្ឋានធម៌ សាមគ្គីធម៌របស់ព្រះពុទ្ធនាំមុខ។ឯកឧត្ដមរដ្ឋមន្ត្រីបន្តថាអនាគតនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ មានការផ្សារភ្ជាប់ដែលពុំអាច កាត់ផ្តាច់បាន។ យើងចាំបាច់ត្រូវឈានឆ្ពោះទៅមុខជាមួយគ្នា អភិវឌ្ឍរួមគ្នា និងជាធ្លុងមួយជាមួយគ្នា ៕