ផ្ទះល្វែងចំនួន ១៧ល្វែង និងទ្រព្យសម្បត្តិប្រមាណជិត ២លានដុល្លារត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់
យ៉ាងហោចណាស់ផ្ទះល្វែងចំនួន ១៧ល្វែង និងទ្រព្យសម្បត្តិប្រមាណជិត ២លានដុល្លារត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់។
លោក ប្លោក សុវណ្ណ ចៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម បានឲ្យដឹងនាព្រឹកថ្ងៃទី៨មីនា នេះថា បើតាមព័ត៌មានបឋម ទទួលបានពីក្រុមគ្រួសារ ដែលទទួលរងគ្រោះទាំង ១៧គ្រួសារ គឺមានផ្ទះល្វែងចំនួន១៧ល្វែង រួមជាមួយនឹងទ្រព្យសម្បត្តិផ្សេងៗ ជាច្រើនទៀត ដែលមានទំហំទឹកប្រាក់ប្រមាណជា ១.៩២០.០០០ដុល្លារអាមេរិក ត្រូវបានអគ្គិភ័យបំផ្លាញទាំងស្រុងកាលពីយប់មិញ។
លោកចៅសង្កាត់ បញ្ជាក់ដែរថា នាអំឡុងម៉ោង ១២និង២០នាទី រំលងអធ្រាត្រ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ មានអគ្គិភ័យ បានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន១៧ល្វែង នៅចំណុចភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ នាពេលនោះ ដោយសារមានកិច្ចអន្តរាគមន៍ ពីកម្លាំងនគរបាលអគ្គិភ័យ នៃស្នងការនគរបាល ខេត្តកំពង់ចាម បានជួយពន្លត់ទប់ស្កាត់មិនឲ្យឆ្លងរាលដាលបន្តទៀត ដោយប្រើប្រាស់រថយន្តពន្លត់ប្រមាណ ១០គ្រឿង ភ្លើងក៏បានទ្រោមថមថយទៅវិញ នៅវេលាម៉ោង ៤និង០០ទៀបភ្លឺ។

តាមប្រភពពីសមត្ថកិច្ចជំនាញឲ្យដឹងថា ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកម្លាំង និងចេញរថយន្តពន្លត់អគ្គិភ័យចំនួន ១០គ្រឿង គឺរថយន្តខេត្ត ៣គ្រឿង, ស្រុកព្រៃឈរ ១គ្រឿង, ស្រុកកងមាស ១គ្រឿង, ស្រុកជើងព្រៃ ១គ្រឿង, ស្រុកស្ទឹងត្រង់ ១គ្រឿង, កំពង់សៀម ១គ្រឿង, ចំការលើ ១គ្រឿង និងរថយន្តអធិការដ្ឋាន នគរបាលក្រុងកំពង់ចាម ១គ្រឿង ដើម្បី អន្តរាគមន៍ជាបន្ទាន់។
ក្នុងកិច្ចប្រតិបត្តិការនេះ ប្រើប្រាស់ទឹកអស់ចំនួន ៥៣ស៊ឺទែន ទើបអគ្គិភ័យរលត់ទៅវិញ ១០០% នៅវេលាម៉ោង ៤និង០នាទីព្រឹក។ ករណីនេះ មិនបណ្ដាលឲ្យមានរបួសដល់មនុស្សសត្វ នោះឡើយ។ ដោយឡែកនាព្រឹកថ្ងៃទី៨ មីនា នេះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ក៏បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាគ្រឿងឧបភោគបរិភោគ ទៅផ្ដល់ជូនគ្រួសាររងគ្រោះទាំង ១៧គ្រួសារ ផងដែរ៕