ករណីសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ បាត់ ឬ ខូច គួររួសរាន់យកទៅធ្វើ មិនអស់កម្រៃសេវាទេ
នៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចែករំលែកចំណេះដឹងជូនទៅកាន់សាធារណជន អំពីទីតាំងនៃការធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅថ្មី។
ក្នុងនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបញ្ជាក់ឱ្យបានដឹងថា ៖ «ការផ្លាស់ប្តូរទីលំនៅ ការធ្វើសៀវភៅគ្រួសារ និង សៀវភៅស្នាក់នៅថ្មី ឬការបន្ថែម ឬលុបសមាជិក ឬទុតិយតា ករណីបាត់ ឬខូច អាចទំនាក់ទំនងធ្វើនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ នៃទីលំនៅសាមីខ្លួន»។
ស្រមគ្នានេះដែរ កាលពីពេលកន្លងទៅថ្មីៗ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏ធ្លាប់បានចែករំលែកអំពីនីតិវិធីក្នុងការធ្វើនេះ នៅប៉ុស្តិ៍នគរបាលឃុំសង្កាត់ ដោយភ្ជាប់ជាមួយនូវឯកសារមួយចំនួនដូចខាងក្រោម៖
+ ករណីបាត់ ៖ មេគ្រួសារត្រូវមានពាក្យបណ្តឹងអំពីមូលហេតុច្បាស់លាស់ ដោយបញ្ជាក់ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៅកន្លែងដែលបានបាត់នោះ។
+ ករណីខូចគុណភាព ពោលគឺ ទក់ រហែក ទទឹក…ជាដើម ៖ មេគ្រួសារត្រូវមានសៀវភៅគ្រួសារសំណៅដើមនោះដើម្បីមកស្នើសុំថ្មី។ បន្ទាប់ពីទទួលបានពាក្យស្នើសុំ និង មានឯកសារភ្ជាប់ត្រឹមត្រូវហើយ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវចម្លងសៀវភៅគ្រួសារថ្មីចេញពីបញ្ជីគ្រួសារចាស់ រួចហើយចុះហត្ថលេខាលើសំណុំឯកសារ ហើយបញ្ជូនទៅអធិការនគរបាល ក្រុង ស្រុក ខណ្ឌ ដើម្បីពិនិត្យសម្រេច និង ចុះហត្ថលេខាផ្តល់ទុតិយតា ឬ ផ្ដល់ជាលើកទី ២ នូវសៀវភៅគ្រួសារនោះ រួចបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីប្រគល់ជូនប្រជាពលរដ្ឋជាការស្រេច។
ក្នុងនោះ រយៈពេលនៃការផ្តល់ជូនសម្រាប់សៀវភៅគ្រួសារមិនលើសពី ១៥ ថ្ងៃឡើយ និង មិនគិតប្រាក់នោះទេ ក្នុងករណីមានឯកសារភ្ជាប់គ្រប់គ្រាន់ និង ត្រឹមត្រូវ៕