សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាល់ការតាក់តែងបទដ្ឋានគតិយុត្តិ ដែលពាក់ព័ន្ធជាមួយវិស័យឯកជន ត្រូវពិភាក្សាជាមួយវិស័យឯកជនសំខាន់ៗ
ភ្នំពេញ : ក្នុងកម្មវិធី «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩» នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នេះ គឺជាការសន្យាដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំពេញអង្គលើកដំបូងនៃគណៈរដ្ឋមន្រ្តី នីតិកាលទី៧ នៃរដ្ឋសភាកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា ថ្ងៃនេះ គឺជាថ្ងៃប្រវត្តិសាស្រ្តសម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ ក៏ដូចជាសម្រាប់រូបសម្តេចផ្ទាល់ក្នុងការដឹកនាំវេទិកាជាលើកទី១ ហើយក៏ជាលើកទី១សម្រាប់កម្ពុជាទាំងមូល ក្នុងរយៈពេល៤ឆ្នាំ ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។
ទន្ទឹមនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា វេទិកានេះ ក៏បង្ហាញពីភាពបន្ទាន់និងចាំបាច់ នៅក្នុងរបៀបវារៈសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល នៅក្នុងអាណត្តិថ្មីនេះដែលយើងមានបំណងរៀបចំការធ្វើដំណើររួមគ្នា រវាងរាជរដ្ឋាភិបាល-ផ្នែកឯកជនតាំងពីដើមអាណត្តិ ឱ្យមានភាពស៊ីចង្វាក់គ្នា និងភាពសុខដុម ដែលនឹងអាចសម្រេចបាននូវមហិច្ឆិតារួមរបស់កម្ពុជា គឺចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបន្តថា ៖ ចំណុចថ្មីនៃយុទ្ធសាស្ត្របញ្ចកោណ បន្តពីយុទ្ធសាស្ត្រចតុកោណរបស់ រាជរដ្ឋាភិបាល គឺការជំរុញប្រព័ន្ធឌីជីថល ដើម្បីជំរុញការប្រើប្រាស់, កាត់បន្ថយការចំណាយ, សម្រួល ពេល
វេលា និងមានតម្លាភាពជាដើម។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបញ្ជាក់ថា ៖ សេវាសាធារណៈចំនួន ១៦ នឹងត្រូវលុបចេញ, សេវាសាធារណៈចំនួន ៥៦ នឹងត្រូវបន្ថយតម្លៃ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីចាត់ទុកថា រាល់ការតាក់តែងបទដ្ឋានគតិយុត្តិ ដែលពាក់ព័ន្ធជាមួយវិស័យឯកជន ត្រូវពិភាក្សាជាមួយវិស័យឯកជនសំខាន់ៗ ហើយនៅពេលរៀបចំដាក់ឱ្យអនុវត្តត្រូវផ្សព្វផ្សាយឱ្យបាន យ៉ាងតិច ៦ ខែមុនដាក់ឱ្យអនុវត្ត ៕