រថយន្ដដឹកគ្រួសារមួយ ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យស្លាប់ម្នាក់ និង អ្នករួមដំណើរ ៤ នាក់ទៀតរបួសធ្ងន់
ជារឿងដ៏គួរឱ្យសោកសង្រេង និង នឹកស្មានពុំដល់ នៅយប់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ មានករណីរថយន្ដដឹកគ្រួសារមួយ ជួបគ្រោះថ្នាក់ចរាចរណ៍ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ២ (ស្ពានបាក់) សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឱ្យស្លាប់ម្នាក់ និង អ្នករួមដំណើរ ៤ នាក់ទៀតរបួសធ្ងន់។
ទាក់ទិនទៅនឹងរឿងនេះ តាមប្រភពព័ត៌មានបានឱ្យដឹងថា អ្នកបើកបរគឺជាអធិការរងខណ្ឌ ៧ មករា គឺលោកវរសេនីយ៍ទោ លី ឡាំ ទទួលការងារអន្ដរាគមន៍ បានបើករថយន្ដដឹកគ្រួសារ ជួបគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ស្ពានត្រង់ចំណុចភូមិសាស្ត្រនៅខណ្ឌដង្កោ បានបណ្ដាលឱ្យកូនស្រីម្នាក់ស្លាប់ និងមនុស្សក្នុងរថយន្ដ ៤ នាក់ផ្សេងទៀតរងរបួសធ្ងន់។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះធ្វើការវាស់វែង និង ប្រគល់រថយន្ដ និង សពទៅសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព ៖ ស៊ន សុភក្ត្រ – Sorn Sopheak