ដំណឹងល្អ! អាម៉េរិក សម្រេចបន្តជួយ CMAC លើការបោសសម្អាតមីន

ភ្នំពេញ៖ អាម៉េរិក សម្រេចបន្តជួយកម្ពុជាលើការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌបន្សល់ពីសង្គ្រាម តាមកិច្ចសន្យាដែលមានស្រាប់។ នេះជាដំណឹងល្អ ដែលលោក ហេង រតនា  ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានប្រកាសនាយប់ថ្ងៃទី២០ ខែកុម្ភៈ នេះ។

ការប្រកាសរបស់ប្រធានអង្គការ CMAC នាពេលនេះ គឺធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានពីអង្គការដៃគូដែលទទួលជំនួយពីសហរដ្ឋអាម៉េរិក ក្នុងកិច្ចការបោសសម្អាតមីននៅកម្ពុជា។ លោក ហេង រតនា បានសរសេរៀបរាប់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះ៖ « អង្គការដៃគូសហការជាមួយអង្គភាពស៊ីម៉ាក់ បានទទួលការលើកលែង(waver) ពីរដ្ឋាភិបាលអាម៉េរិក ឱ្យបើកនិងបន្ត កិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមឡើងវិញ តាមកិច្ចសន្យាដែលមានស្រាប់»។

បើតាមលោក ហេង រតនា ការផ្ដល់ជំនួយឡើងវិញដល់កម្ពុជា ជាកិច្ចខិតខំ របស់ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន ម៉ាណែត ដែលបានជួយអំពាវនាវទៅរដ្ឋាភិបាលអាម៉េរិក រួមជាមួយអង្គការដៃគូអភិវឌ្ឍន៍ មន្ត្រីស្ថានទូតអាម៉េរិកនៅកម្ពុជា និងមន្ត្រីគម្រោងនៃក្រសួងការបរទេសអាម៉េរិក។

កាលពីថ្ងៃទី៣១ ខែមករា CMAC សម្រេចផ្អាកសកម្មភាពដោះមីន ជាបណ្ដោះអាសន្ននៅខេត្តគោលដៅចំនួន ៨ ក្នុងរយៈពេល៨៥ថ្ងៃ ដោយសារការផ្អាកជំនួយបរទេស រយៈពេល៩០ថ្ងៃ ដែលសម្រេចដោយរដ្ឋបាលអាម៉េរិករបស់លោក ដូ ណាល់ត្រាំ។

ការសម្រេចនេះ បានប៉ះពាល់ដល់ក្រុមអ្នកបោសសម្អាតមីនប្រមាណ១០០០នាក់ នៅកម្ពុជា។ ប៉ុន្តែ ក្នុងវិស័យបោសសម្អាតមីនមនិងគ្រាប់មិនទាន់ផ្ទុះនេះ កម្ពុជាបានជំនួយជាបន្តបន្ទាប់ពីបណ្ដាប្រទេសផ្សេងទៀត ដូចជា ជប៉ុន ចិន អូស្ត្រាលីជាដើម។ ចំណែក ក្រុមការងារបោសសម្អាតមីន ដែលរងផលប៉ះពាល់ ត្រូវសម្ដេច ហ៊ុន ម៉ាណែត ប្រកាសជួយគាំទ្រ។

អត្ថបទដែលជាប់ទាក់ទង