ខេត្តកំពង់ស្ពឺ រៀបចំព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំលើកទី១របស់ខ្លួន ក្នុងគោលបំណងលើកស្ទួយ វិស័យទេសចរណ៍ និងអភិរក្សវប្បធម៌បរិស្ថានធម្មជាតិ
(ខេត្តកំពង់ស្ពឺ)៖ បានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំមួយប្រចាំខេត្ត និងលើកទី១ ក្នុងគោលបំណងដើម្បីលើកស្ទួយវិស័យទេសចរណ៍ និងអភិរក្សវប្បធម៌បរិស្ថានធម្មជាតិ។ ព្រឹត្តិការណ៍មហោស្រពទេសចរណ៍ សិល្បៈវប្បធម៌ និងកីឡាដែលគ្មានថង់ប្លាស្ទិក “បុណ្យភ្នំ” ត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ “រួមគ្នាលើកស្ទួយវិស័យទេសចរណ៍ និងអភិរក្សវប្បធម៌បរិស្ថានធម្មជាតិរបស់កម្ពុជា” ។ កម្មវិធី “បុណ្យភ្នំ” បានប្រព្រឹត្តទៅរយៈពេល ២យប់ ២ថ្ងៃ នាថ្ងៃទី១៥ និង១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ចុងសប្តាហ៍កន្លងទៅ ដែលចាប់ផ្តើមពីម៉ោង៨ព្រឹក ដល់ម៉ោង២ទៀបភ្លឺ នៅឧទ្យានជាតិគីររម្យ ។
ពិធីបើកមហោស្រពទេសចរណ៍នោះ មានការអញ្ជើញចូលរួមជាអធិបតីដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទ សោភ័ណ អភិបាលខេត្តកំពងស្ពឺ ដោយបានអញ្ជើញទស្សនាការដាក់តាំងបង្ហាញនៃទីតាំងផ្សេងៗក្នុងពិធីបើកមហោស្រពទេសចរណ៍នោះផងដែរ ។
កម្មវិធី “បុណ្យភ្នំ” បាននាំមកនូវព្រឹត្តិការណ៍កំសាន្តសប្បាយជាច្រើន រួមមាន ការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ការប្រគួតកីឡាប្រដាល់គុនខ្មែរ ការប្រកួតប៉េតង់ ការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងដើម្បីកុមារខេត្តកំពង់ស្ពឺ ការបោះជំរុំ ការប្រកួតបាល់ទះ ការធ្វើដំណើរជាមួយក្រុមយានយន្តផ្សងព្រេង និងល្បែងប្រជាប្រិយខ្មែរ មានស្តង់ម្ហូបអាហារ និងការតុបតែងប្លែកៗជាច្រើន ដោយបានរៀបចំនៅតាមដងផ្លូវដ៏ស្រស់ស្អាតចម្ងាយជិត ៤គីឡូម៉ែត្រ ចាប់ពីរង្វង់មូលនាគព័ន្ធ ដល់អតីតព្រះរាជដំណាក់ និងអតីតទីលានយន្តហោះ ។ កម្មវិធីដែលរៀបចំឡើងទាំងនេះ ក៏ធ្វើឡើងក្នុងគោលដៅជំរុញឥទ្ធិពលជាវិជ្ជមានដល់យុវជនក្នុងការអភិវឌ្ឍរាងកាយ ផ្លូវចិត្ត និងចូលរួមក្នុងសកម្មភាពសង្គម ។
កម្មវិធីដ៏មានអត្ថន័យនេះ មានគោលដៅផ្សព្វផ្សាយទៅកាន់យុវជនជំនាន់ក្រោយ អំពីពិធីប្រពៃណីខ្មែរ ដែលបន្សល់ទុកដោយបុព្វបុរសខ្មែរ។ ការបង្ហាញទាំងនោះត្រូវបានសិក្សាយ៉ាងស៊ីជម្រៅ និងយកចិត្តទុកដាក់ខ្ពស់ ដើម្បីបង្ហាញជូនភ្ញៀវទេសចរណ៍ និងសាធារណៈជនទាំងឡាយដែលអញ្ជើញចូលរួម បានចូលរួមផ្វព្សផ្សាយ និងលើកតម្កើងអំពីកេរ្តិ៍ដំណែលរបស់ខ្មែរ ដើម្បីទាក់ទាញទេសចរណ៍ក្នុងស្រុក និងក្រៅស្រុកមកទស្សនាឧទ្យានជាតិគីរីរម្យ ដែលជាចំណែកចូលរួមអភិរក្សឧទ្យានជាតិកម្ពុជា ៕