ស្នងការរាជធានី បកស្រាយករណីប៉ះទង្គិចរវាងលោក សុខ ទូច និងសមត្ថកិច្ចត្រួតពិនិត្យគ្រឿងស្រវឹង

ស្នងការនគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺជុំវិញករណីលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភា ប៉ះទង្គិចជាមួយសមត្ថកិច្ចចុះត្រួតពិនិត្យសារធាតុស្រវឹង នៅចំណុចផ្លូវភ្នំពេញហាណូយ មុខសាលាបឋមសិក្សាភ្នំពេញថ្មី ក្នុងខណ្ឌសែនសុខ កាលពីថ្ងៃទី១៧ កុម្ភៈ។ ស្នងការចេញបកស្រាយនេះ ឆ្លើយតបទៅនឹងសំណេររបស់លោក សុខ ទូច ដែលបានបង្ហាញអារម្មណ៍មិនពេញចិត្តចំពោះសមត្ថកិច្ច ក្នុងពេលអនុវត្តតួនាទី។

លោក សុខ ទូច ដែលបានធ្វើដំណើរមកភ្នំពេញវិញ ក្រោយបំពេញការងារចុះស្រាវជ្រាវនៅខេត្ត អស់រយៈពេល៣ថ្ងៃ បានសរសេររៀបរាប់ថា លោកបានហូបបាយ និងស្រាបៀអស់មួយកំប៉ុង ដើម្បីរំសាយការហត់នឿយ ក្រោយបំពេញការងារនៅមូលដ្ឋាន។ បន្ទាប់ពីពិសារបាយរួច ប្រធានរាជបណ្ឌិត្យសភារូបនេះ បានបើករថយន្តជូនមន្ត្រីខ្លួន ទៅយកម៉ូតូនៅកន្លែងធ្វើការ មុននឹងលោកធ្វើដំណើរទៅគេហដ្ឋាន នៅម្ដុំបាសិត ក្នុងស្រុកពញ្ញាឭ ខេត្តកណ្ដាល។

លុះមកដល់ចំណុចផ្លូវភ្នំពេញហាណូយ មុខសាលាបឋមសិក្សាភ្នំពេញថ្មី នៅម៉ោងជិត១២យប់ លោក សុខ ទូច ក៏បានជួបកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង។

លោក សុខ ទូច បានបញ្ចេញសំណេរលើហ្វេសប៊ុក ដូច្នេះ៖«ពួកគាត់ឃាត់ឡាននិងឱ្យខ្ញុំផ្លុំវាស់កម្រិតជាតិអាល់កុល ខ្ញុំបានចុះទៅសហការ តែខ្ញុំស្នើសុំហែកទុយោថ្មី ព្រោះខ្ញុំខ្លាច(ទុយោ)ដដែលរបស់អ្នកចាស់ឆ្លងរោគ ផ្ទុយទៅវិញគេគំហកថា ហ្អែងស្អី បានមកបញ្ជាកងកម្លាំង។ ខ្ញុំកំពុងតែហត់នឿយផងលឺបែបនេះ ខ្ញុំទប់មិនជាប់ក៏ឆេវឆាវកើតជារឿង តែក្រោយមកខ្ញុំសហការផ្លុំចំនួន៣ដង តែមិនឃើញកម្រិតជាតិអាល់កុលដែលគេចង់បាន គេថាខ្ញុំផ្លុំមិនត្រឹមត្រូវ ឱ្យខ្ញុំផ្លុំម្តងទៀត តែក្រោយនេះខ្ញុំលែងសហការ ខ្ញុំក៏បាននិយាយថាបើខ្ញុំខុសចង់ដាក់ខ្នោះខ្ញុំដាក់ទៅ»។

ក្រោយឃើញសំណេររបស់ប្រធានរាជបណ្ឌិត្យសភារូបនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីបំភ្លឺវិញថា សមត្ថកិច្ចនៅគោលដៅ មិនបានស្គាល់លោកបណ្ឌិត សុខ ទូច នោះទេ ម្យ៉ាងទៀតលោក សុខ ទូច មានកាយវិកា និងពាក្យសម្តីមិនសមរម្យ ហើយមិនព្រមសហការផ្លុំរកជាតិអាល់កុល ទើបសមត្ថកិច្ចព្យាយាមណែនាំគាត់ឱ្យសហការត្រួតពិនិត្យជាតិអាល់កុល។

 

«បន្ទាប់មកគាត់(សុខ ទូច) បានយល់ព្រមផ្លុំខ្យល់៤ ទៅ ៥ដង ប៉ុន្តែការផ្លុំខ្យល់នោះមិនដល់កម្រិតខ្យល់ដែលម៉ាស៊ីនចេញទិន្នន័យនោះទេ ហើយគាត់មិនព្រមសហការផ្លុំទៀត និងមានសកម្មភាពច្រងេងច្រងាងទាញកញ្ឆក់ម៉ាស៊ីនផ្លុំខ្យល់ពីដៃសមត្ថកិច្ច ដោយចោទថា ដាក់បំពង់ផ្លុំខ្យល់ចាស់ឱ្យគាត់ផ្លុំ។ ប៉ុន្តែសមត្ថកិច្ចបានពន្យល់ណែនាំគាត់ថាបំពង់ផ្លុំខ្យល់នេះ គឺផ្លុំមួយប្តូរបំពង់មួយថ្មី មិនប្រើបំពង់ផ្លុំហើយ យកប្រើប្រាស់ទៀតនោះទេ រួចគាត់ក៏បែរជាចោទសមត្ថកិច្ចហៅគាត់(អា) ទៅវិញ និងចោទថា ប្រើប្រាស់កាយវិកាមិនសមរម្យដាក់គាត់ទៀតផង ខណៈដែលសមត្ថកិច្ចស្នើសុំឱ្យគាត់សហការផ្លុំរកជាតិអាល់កុល»។ នេះជាការបញ្ជាក់របស់ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ កុម្ភៈ ដោយបានបង្ហោះវីដេអូជាង៣នាទី ជុំវិញសកម្មភាពរបស់លោក សុខ ទូច ប៉ះទង្គិចជាមួយសមត្ថកិច្ចទៀតផង។

ក្នុងវីដេអូ ដែលស្នងការនគរបាល បង្ហោះជាសាធារណៈនេះ គេឃើញថា សមត្ថកិច្ច មិនបានប្រើប្រាស់ពាក្យពេចន៍អសុរោះ ហៅ «អា» ឬ«ហ្អែង» ទៅកាន់លោក សុខ ទូច នោះទេ។ តែយ៉ាងណាលោក សុខ ទូច ដែលបានឃើញវីដេអូបង្ហោះនោះហើយ បានតបសារយ៉ាងខ្លី ដោយភ្ជាប់ជាមួយវីដេអូរបស់ខ្លួន ប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ច ដូច្នេះថា៖«នេះជាសកម្មភាពពេលដែលខ្ញុំច្រឡោតហើយ ក្រោយពេលហៅខ្ញុំ “អា”ផង “ហ្អែង”ផង (វីឌីអូនេះមិនមែនជារបស់ខ្ញុំថតទេ គេផ្ញើមកក្រោយមានការបង្ហោះ) ខ្ញុំសូមយកមកចែកបន្ត»។

តាមរយៈលើសំណេរផ្ទាល់ខ្លួន របស់លោក សុខ ទូច ដដែល បានសង្កត់ធ្ងន់ថា លោក ច្រឡោតដាក់សមត្ថកិច្ចនេះ ដោយសារលាយឡំជាមួយអារម្មណ៍ហត់នឿយ ក្នុងកិច្ចការងារចុះស្រាវជ្រាវនៅតាមតំបន់ព្រំដែនផង។«កាយវិការច្រឡោត ព្រោះខ្ញុំខឹងណាស់ ហត់ណាស់ ខ្ញុំបានប្រាប់ថាខ្ញុំ សុខ ទូច ទើបមកពីព្រំដែនទេ តែគេចោទខ្ញុំថាស្រវឹងជោគជាំ ប្រហែលឃើញភ្នែកខ្ញុំក្រហម។ ថ្ងៃនេះខ្ញុំដើរផង ខ្ញុំបើកឡានដោយខ្លួនឯង ជាង៦០០គីឡូម៉ែត និងមានបញ្ហាភ្នែកស្ងួត លុបមុខញីភ្នែកជាច្រើនដង ហត់នឿយជាប់មិនបានសម្រាក។ មានប៉ូលីស ដៀលខ្ញុំធ្វើដល់បណ្ឌិតចារិតអ៊ីចឹង។ ខ្ញុំជាពលរដ្ឋម្នាក់ បើខ្ញុំខុស ខ្ញុំទទួលទោស ។ បើខ្ញុំមិនបានទទួលទាន(គ្រឿងស្រវឹង)ដល់កម្រិតដែលបង្កបញ្ហាផង តើឱ្យខ្ញុំផ្លុំរបៀបម៉េចទៀត?»។ នេះជាសំណេររបស់លោក សុខ ទូច ។

លោក សុខ ទូច ក៏បានទុករថយន្តនៅកន្លែងគោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង ហើយជិះម៉ូតូកង់បី ត្រឡប់ទៅផ្ទះវិញ។ សមត្ថកិច្ច ក៏បានយករថយន្តលោក សុខ ទូច ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដោយរង់ចាំប្រធានរាជបណ្ឌិត្យសភារូបនេះ ចូលទៅដោះស្រាយ៕

អត្ថបទដែលជាប់ទាក់ទង