ក្នុងឆ្នាំ២០២៤ កម្ពុជាបានលក់អំបិលចេញទៅក្រៅប្រទេសចំនួន ៧៤ ១៨៥តោន
ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានទិន្នផលអំបិលធម្មជាតិសរុបចំនួន ១៦៨ ៨៨២ តោន លើផ្ទៃដីស្រែអំបិលចំនួន ៣ ៩៨៧.៣៥ហិកតា ។ ជាមួយគ្នានេះក្នុងឆ្នាំ២០២៤ កម្ពុជាបានលក់អំបិលចេញទៅក្រៅប្រទេសចំនួន ៧៤ ១៨៥តោន។ ទិន្នផលអំបិលឆ្នាំ២០២៤ កើនឡើងទ្វេដង ធៀបនឹងទិន្នផលអំបិលឆ្នាំ២០២៣ ដោយសារកត្តាអាកាសធាតុអំណោយផលសម្រាប់ការផលិតអំបិល។
យោងតាមរបាយការណ៍ស្តីពីលទ្ធផលការងារឆ្នាំ២០២៤និងទិសដៅការងារឆ្នាំ២០២៥ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ បានឱ្យដឹងថា បច្ចុប្បន្នក្រុមផលិតអំបិលមានចំនួន ១៩១ក្រុម។ លទ្ធផលនៃការផលិតក្នុងនោះ ខេត្តកំពតផលិតបាន ១២៨ ៤៧៤តោន និងខេត្តកែបផលិតបាន ៤០ ៤០៨តោន។
ទន្ទឹមនេះផលិតផលអំបិលនាំចេញក្នុងឆ្នាំនេះបានចំនួន ៧៤ ១៨៥តោន ពីសិប្បកម្មចំនួន ៣២មូលដ្ឋាន ក្នុងចំណោម ៥៤មូលដ្ឋាន ដែលទទួលបានអាជ្ញាបណ្ណ ប្រើប្រាស់ស្លាកសញ្ញាជាតិសម្គាល់អំបិលដែលបានបញ្ចូលអ៊ីយ៉ូដ។
ខណៈដែលក្នុងឆ្នាំ២០២៤ កន្លងមកនេះ ពុំមានតម្រូវការនាំចូលអំបិលពីបរទេសទេ។
ដើម្បីសម្រួលដល់ចង្វាក់ផលិតកម្មឱ្យដំណើរការបានល្អ ក្នុងឆ្នាំ២០២៤ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ បានរៀបចំកិច្ចប្រជុំជាមួយផលិតករអំបិល និងសហគ្រាសមានសក្តានុពលនៅក្នុង ខេត្តកំពត ខេត្តកែប ដើម្បីដោះស្រាយបញ្ហាប្រឈម និងការចុះពិនិត្យផ្ទៃដីស្រែអំបិល និងផលិតកម្មអំបិល និងរៀបចំលិខិតទៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីសម្របសម្រួល ក្នុងការធ្វើបច្ចុប្បន្នភាព និងកំណត់អត្តសញ្ញាណប្រភេទដីស្រែអំបិលនៅខេត្តកំពត និងខេត្តកែបឱ្យបានច្បាស់លាស់។
ជាមួយគ្នានោះ ក្រសួងក៏បានដាក់បញ្ចូលអាជ្ញាបណ្ណប្រើប្រាស់ស្លាកសញ្ញាជាតិសម្គាល់អំបិល បញ្ចូលជាតិអ៊ីយ៉ូដ ទៅក្នុងកម្រងកម្រៃសេវាសាធារណៈរបស់ក្រសួងផងដែរ៕