ចាប់ពីស្អែក នៅភ្នំពេញនឹងបិទផ្លូវម្ខាង ត្រង់ចំណុចនេះជាបណ្តោះអាសន្ន ដល់ពាក់កណ្ដាលខែឧសភា
នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវលេខ ៥៩៨ ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ឱ្យបានដឹងថា រដ្ឋបាលរាជធានី នឹងធ្វើការបិទផ្លូវចំណុចខាងលើជាបណ្តោះអាសន្ន ដោយបិទម្ខាង និង បើកម្ខាង ចាប់ពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ៨:០០ នាទីព្រឹក រហូតដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ១៧:០០ នាទីល្ងាច។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា ការបិទផ្លូវម្ខាងបណ្ដោះអាសន្ននេះ គឺដើម្បីអនុវត្តគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និង ប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ គម្រោងសាងសង់ពង្រីកបន្ថែមដោយដាក់លូប្រអប់ ទំហំ ៤ម៉ែត្រ x ៣ម៉ែត្រ សងខាងលូប្រអប់ចាស់ ឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវលេខ ៥៩៨ និង ប្រឡាយអូរវែង ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ និង បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវខាងលើ យោគយល់អធ្យាស្រ័យចំពោះការរំខានដល់ការធ្វើចរាចរណ៍ឆ្លងកាត់ការដ្ឋាន និង ផលប៉ះពាល់ផ្សេងៗ ដែលអាចកើតមានឡើង និង មេត្តាពង្វាងចរាចរណ៍ចេញពីទីតាំងខាងលើ ទៅតាមផែនទីពង្វាងចរាចរណ៍ ដែលបានភ្ជាប់មកជាមួយនៅខាងក្រោម៕