សមត្ថកិច្ចបានចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកចំពោះអ្នកជិះបញ្រ្ចាសទិស នៅលើកំណាត់ផ្លូវ ២១៧ សង្កាត់ស្ទឹងមានជ័យទី១ ដោយឃាត់បានម៉ូតូជាច្រើនគ្រឿង

នៅព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ សហការជាមួយកម្លាំង គណបញ្ជាការឯកភាពខណ្ឌមានជ័យ និង សង្កាត់ស្ទឹងមានជ័យទី១ បានចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកចំពោះអ្នកជិះបញ្រ្ចាសទិស នៅលើកំណាត់ផ្លូវ ២១៧ សង្កាត់ស្ទឹងមានជ័យទី១ ដោយឃាត់បានម៉ូតូជាច្រើនគ្រឿង។

ជាការពិត តាមប្រភពពីសាលាសង្កាត់ស្ទឹងមានន័យ បានឱ្យដឹងថា ក្នុងការចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកចំពោះអ្នកជិះបញ្រ្ចាសទិសនេះ ជាលទ្ធផលឃាត់បានមធ្យោបាយធ្វើដំណើរម៉ូតូ ដែលបើកបរបញ្ច្រាសទិសចំនួន ១៥ គ្រឿង យកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ រង់ចាំចំណាត់ការជំនាញបន្ដ។

គួររំឭកផងដែរថា នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ សាលាសង្កាត់ស្ទឹងមានជ័យ បានចេញសេចក្ដីជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបរួចមកហើយថា ចាប់ពីទី ៦ កុម្ភៈ ឆ្នាំ ២០២៥ អ្នកជិះបញ្ច្រាសផ្លូវ នឹងត្រូវគណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី ១ អនុវត្តដកហូតម៉ូតូរក្សាទុកនៅប៉ុស្តិ៍ ដោយហេតុថានៅម្ដុំនោះមានអ្នកបើកបរបញ្ច្រាសទិស ល្មើសច្បាប់ចរាចរណ៍ផ្លូវគោករបស់ព្រះរាជាណាចក្រកម្ពុជា បង្កឱ្យមានការកកស្ទះចរាចរណ៍ ឈានដល់ការបង្កជាគ្រោះថ្នាក់ផ្សេងៗ ថែមទាំងធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្លាប់សង្គម៕

រូបភាព៖ សាលាសង្កាត់ស្ទឹងមានន័យ

អត្ថបទដែលជាប់ទាក់ទង