អាមេរិក បន្ថែមក្រុមហ៊ុនចិនចំនួន ៥រួមទាំង Tencent និង CATL ទៅក្នុងបញ្ជីខ្មៅ ដែលចោទប្រកាន់ថាមានទំនាក់ទំនងជាមួយយោធាចិន

(បរទសេ)៖ ថ្មីៗនេះ ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានធ្វើបច្ចុប្បន្នភាពបញ្ជីក្រុមហ៊ុនចិនរបស់ខ្លួនដែលត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងនឹងយោធា ដោយបានបន្ថែមក្រុមហ៊ុនចិនដ៏លេចធ្លោរមួយចំនួនបន្ថែមទៀតរួមមាន Tencent Holdings និង Contemporary Amperex Technology (ហៅកាត់ CATL)។ ចំណាត់ការនេះ ឆ្លុះបញ្ចាំងពីភាពតានតឹងដែលកំពុងកើតមានរវាងសហរដ្ឋអាមេរិក និងចិន ជាពិសេសទាក់ទងនឹងសន្តិសុខជាតិ និងយុទ្ធសាស្ត្ររួមបញ្ចូលគ្នារវាងយោធា និងស៊ីវិល។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥។

យោងតាមឯកសារដែលបានចេញផ្សាយបានឱ្យដឹងថា ក្រៅតែពីក្រុមហ៊ុនចិនដ៏លេចធ្លោរទាំងពីរខាងលើ បញ្ជីនេះក៏រួមបញ្ចូលក្រុមហ៊ុនផលិតបន្ទះឈីប Changxin Memory Technologies, Quectel Wireless និងក្រុមហ៊ុនផលិតដ្រូន Autel Robotics ផងដែរ។ តាមរយៈការជូនដំណឹងដែលបានបង្ហោះនៅក្នុង Federal Register ក្រុមហ៊ុនទាំង ៥ខាងលើនេះ ត្រូវបានបញ្ចូលក្នុងបញ្ជីរដែលបានធ្វើបច្ចុប្បន្នភាពប្រចាំឆ្នាំ ក្រោមច្បាប់របស់សហរដ្ឋអាមេរិក «Section 1260H list» នៃក្រុមហ៊ុនចំនួន ១៣៤ ដែលចាត់ទុកថាគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។

បន្ទាប់ពីការប្រកាសនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនហ្គេមដ៏លេចធ្លោររបស់ចិន Tencent បានធ្លាក់ចុះជិត ១០% នៅក្នុងទីផ្សារសហរដ្ឋអាមេរិក និងប្រហែល ៥.២% នៅក្នុងការជួញដូរទីផ្សារហុងកុង។ ដោយឡែកក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនីដ៏ធំបំផុត CATL ក៏បានជួបប្រទះនឹងការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃភាគហ៊ុនរបស់ខ្លួនផងដែរ។ ទាក់ទងនឹងបញ្ហានេះទាំង Tencent និង CATL បាននិយាយជាសាធារណៈថា ការដាក់បញ្ចូលរបស់ពួកគេនៅក្នុងបញ្ជី គឺពិតជាមានកំហុស។ Tencent បានសង្កត់ធ្ងន់ថា «យើងមិនមែនជាក្រុមហ៊ុនយោធា ឬអ្នកផ្គត់ផ្គង់នោះទេ» ដោយអះអាងថា «ការដាក់ទណ្ឌកម្ម ឬគ្រប់គ្រងការនាំចេញ នឹងមិនប៉ះពាល់ដល់ប្រតិបត្តិការអាជីវកម្មរបស់ពួកគេឡើយ»។ ដោយឡែគ CALT ក៏បានអះអាងស្រដៀងគ្នាថា «ខ្លួនមិនចូលរួមក្នុងសកម្មភាពណាមួយដែលទាក់ទងនឹងយោធានោះទេ»

គួរជម្រាបថា ជុំវិញករណីនេះ ក្រុមហ៊ុនផ្សេងទៀត និងស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅមិនទាន់មានការឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយពី Reuters នៅឡើយនោះទេ៕

អត្ថបទដែលជាប់ទាក់ទង