លោក ស៊ុន ចាន់ថុល អញ្ជើញសម្ពោធទីស្នាក់ការបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ស្ទឹងមានជ័យទី២

(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥នេះ លោក ស៊ុន ចាន់ថុល សមា​ជិក​​អចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង​ជា​ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌមានជ័យ បានអញ្ជើញ​សម្ពោធដាក់ឱ្យប្រើប្រាស់ទីស្នាក់ការបក្សប្រជាជនកម្ពុជាក្នុងសង្កាត់ស្ទឹងមានជ័យទី២ និងប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៌ទិវាជ័យជម្នះ៧មករា លើក​ទី៤៦។

មុននឹងចាប់ផ្តើមមតិសំណេះ លោក ស៊ុន ចាន់ថុល បានពាំនាំមកនូវ​សេច​ក្តី​នឹករលឹក និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណបក្ស ដែលជា​និច្ចកាលសម្តេច តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជា​ពលរដ្ឋ​ទូទាំងប្រទេស។

លោក ស៊ុន ចាន់ថុល បានថ្លែងកោតសសើរក្រុមការងារចុះមូលដ្ឋាន​សង្កាត់​ស្ទឹងមានជ័យ២ ដែលមានលោក យុន ហេង សមាជិកគណៈកម្មា​ធិការ​កណ្តាលជាប្រធាន និងក្រុមការងារថ្នាក់មូលដ្ឋានគ្រប់ជាន់​ថ្នាក់​ ដែលបាន​ប្រឹងប្រែងអស់កម្លាំងកាយចិត្តចុះរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ស្រប​តាម​អនុសាសន៍ណែនាំរបស់សម្តេចតេជោប្រធានគណបក្ស។

លោក ស៊ុន ចាន់ថុល បានគូសរំលេចផងដែរថា អគារទីស្នាក់ការ​គណ​បក្ស​ប្រជាជនកម្ពុជា ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ គឺជាសមិទ្ធ​ផលថ្មី​មួយនៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ មានសារៈសំខាន់សម្រាប់បម្រើ​ឱ្យរដ្ឋ​បាលគណបក្សនៅថ្នាក់មូលដ្ឋាន ហើយអគារនេះក៏បានបង្ហាញពីភាពរឹងមាំ​របស់​គណបក្សដែលមានភាពចាស់ទុំខាងនយោបាយ និងត្រៀមលក្ខណៈ​រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ មិនរត់ចោលប្រជា​ពល​រដ្ឋ និងត្រៀមដឹកនាំប្រទេសសម្រាប់រយៈពេលយូរអង្វែងតទៅទៀត។

បន្ថែមលើនេះ លោក ស៊ុន ចាន់ថុល បានលើកបង្ហាញពីស្នាដៃ និងសមិទ្ធិ​ផល​របស់គណបក្សប្រជាជនកម្ពុជាក្នុងរយៈពេល​៤៦ឆ្នាំកន្លងមកនេះ​មានជា​អាទិ៍ការរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ការបង្រួបបង្រួមជាតិ រកបានសន្តិភាពពេញលេញជូនជាតិ តាមរយៈនយោបាយឈ្នះ ឈ្នះ ដែល​ជា​យុទ្ធសាស្ត្រដ៏មានប្រសិទ្ធីរបស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំង​សមិទ្ធិ​ផលអភិវឌ្ឍន៍ជាច្រើនរាប់មិនអស់មានការរីកចម្រើនលើគ្រប់វិស័យ។

បន្តវេនពីគោលដៅជាយុទ្ធសាស្ត្រអភិវឌ្ឍជាតិនៃរាជរដ្ឋាភិបាលមុន រាជរដ្ឋាភិ​បាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់របស់​សម្តេច​មហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អនុប្រធាន​គណបក្សប្រជាជន​កម្ពុជា រួមជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានប្តេជ្ញាអនុវត្តគោលដៅអភិ​វឌ្ឍន៍ប្រទេសកម្ពុជា ឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ​២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលបានខិតខំបំពេញភារកិច្ចជាច្រើន ដូចជាការខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ពាន ថ្នល់ អគ្គិសនី អាកាសយាន្ត​ដ្ឋាន ផ្លូវដែក និងធនធានមនុស្ស។ ជាមួយគ្នានេះ ចាំបាច់ត្រូវមានការ​ចូល​រួម​ពីបងប្អូនប្រជាពលរដ្ឋផងដែរ។ ការចូលរួមសំខាន់គឺ នាំគ្នាថែរក្សាសន្តិភាពឱ្យ​ខាងតែបាន។ ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់អប់រំណែនាំកូនចៅ ឱ្យចៀស​វាងអំពើអបាយមុខទាំងឡាយមានការប្រើប្រាស់គ្រឿងញៀន ល្បែងសុីសង ក្រុម​បង​តូចបងធំ ហើយត្រូវខិខំរៀនសូត្រ និងរៀនជំនាញវិជ្ជាជីវៈ ​ឱ្យ​បាន​ស្ទាត់​ជំនាញ ដែលអាចក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់ជាតិ។

លោក ស៊ុន ចាន់ថុល បានណែនាំដល់មន្ត្រីបក្សគ្រប់លំដាប់ថ្នាក់ឱ្យខិតខំ​ធ្វើ​អំពើល្អ បន្តរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋស្របតាមការណែនាំ​ដ៏ខ្ពង់​ខ្ពស់​របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង