ក្រុមបាតុករមានទាំងប្រឆាំង និងគាំទ្រ ប្រមូលផ្ដុំគ្នាក្នុងទីក្រុងសេអ៊ូល ខណៈដីកាចាប់ខ្លួនលោក Yoon ជិតអស់សុពលភាព

(សេអ៊ូល)៖ មនុស្សរាប់ពាន់នាក់ បានជម្នះនឹងព្រិលធ្លាក់នៅថ្ងៃអាទិត្យ ទី៥ ខែមករានេះ ដើម្បីប្រមូលផ្ដុំគ្នាក្នុងទីក្រុងសេអ៊ូល បង្ហាញទាំងការគាំទ្រ និងការប្រឆាំងនឹងការចាប់ខ្លួនប្រធានាធិបតីដែល ត្រូវបានព្យួរដំណែង លោក Yoon Suk Yeol ខណៈវិបត្តិនយោបាយកូរ៉េខាងត្បូងបានធ្លាក់ចូលក្នុងហានិភ័យនៃការប្រឈមមុខដាក់គ្នា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ខណៈដីកាចាប់ខ្លួនលោក Yoon ក្រោមបទចោទប្រកាន់បះបោរជុំវិញការប្រកាសប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូកន្លងទៅ នឹងត្រូវអស់សុពលភាពនៅពាក់កណ្ដាលយប់ថ្ងៃអាទិត្យ ឈានចូល ថ្ងៃចន្ទស្អែកនេះ មនុស្សជាច្រើនក្រុមបានប្រមូលផ្ដុំគ្នានៅក្បែរនិវេសនដ្ឋានរបស់លោក Yoon ក្នុងនោះមានក្រុមខ្លះជំរុញឱ្យមានការចាប់ខ្លួន និងខ្លះទៀតបានប្រឆាំងនឹងការចាប់ខ្លួនប្រធានាធិបតី ត្រូវបានព្យួរតំណែងរូបនេះ។

នៅថ្ងៃអាទិត្យនេះ ក្រុមបាតុករមានទាំងប្រឆាំង និងគាំទ្រលោក Yoon បានប្រមូលផ្ដុំគ្នា នៅក្បែរនិវេសនដ្ឋានរបស់លោកក្នុងទីក្រុងសេអ៊ូល ក្រោមព្រិលធ្លាក់ខ្លាំង និងមានអាកាសធាតុ -៥អង្សាសេ។ «យើងត្រូវតែសា្ដរមូលដ្ឋាននៃសង្គមរបស់យើងឡើងវិញ តាមរយៈការដាក់ទោសលើប្រធានាធិបតីដែលបានបំពានលើរដ្ឋធម្មនុញ្ញ»។ នេះជាការលើកឡើងរបស់មេដឹកនាំសហជីព Korean Confederation of Trade Unions (KCTU) ឈ្មោះ Yang Kyung-soo ដោយបន្ថែមថា «យើងត្រូវតែទម្លាក់ឧក្រិដ្ឋជន Yoon Suk Yeol ពីតំណែង និងចាប់ខ្លួន ព្រមទាំងឃុំខ្លួនរូបលោកឱ្យបាន ឆាប់តាមដែលអាចធ្វើទៅបាន»។ ចំណែក នៅក្បែរទីតាំងរបស់ក្រុមបាតុករប្រឆាំង ក្រុមបាតុករគាំទ្រលោក Yoon វិញបានស្រែកថា «យើងនឹងតស៊ូដើម្បីលោកប្រធានាធិបតី Yoon Suk Yeol និង បញ្ឈប់ការលួចបន្លំ ដែលពាក្យស្លោកនេះត្រូវបានប្រើប្រាស់ដោយក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ ក្រោយចាញ់ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០។

គួរបញ្ជាក់ថា លោក Yoon បានក្លាយជាប្រធានាធិបតីកំពុងកាន់អំណាចដំបូងគេបំផុតរបស់កូរ៉េខាងត្បូង ដែលប្រឈមមុខនឹងដីកាចាប់ខ្លួន ក្រោយរូបលោកត្រូវបានសភាបោះឆ្នោតដកតំណែង និងព្យួរតំណែង ហើយប្រគល់សំណុំរឿងនេះទៅឱ្យតុលាការធម្មនុញ្ញជាអ្នកសម្រេចថាតើត្រូវទុក ឬទម្លាក់រូបលោកពីតំណែង៕

អត្ថបទដែលជាប់ទាក់ទង