នគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយធ្វេីសកម្មភាពយកកាំបិតប៉័ងតោប្លន់យកម៉ូតូ
(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការនគរបាលខណ្ឌដង្កោ បានធ្វេីការឃាត់ខ្លួនបានជនសង្ស័យ២នាក់ ដែលបានធ្វេីសកម្មភាពប្រើអំពើហិង្សា (ប្រើមួកសុវត្តិភាព និងកាំបិតប៉័ងតោគំរាមប្លន់យកម៉ូតូ) និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។ ប្រតិបត្តិការ នេះបានធ្វេីឡេីងនៅវេលាម៉ោង ១៦៖៣០នាទី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ ដែលស្ថិតនៅត្រង់ចំណុចផ្លូវបេតុង ស្ថិតនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនការងារព្រហ្មទណ្ឌ នៃអធិការនគរបាលខណ្ឌដង្កោ បានប្រាប់ឲ្យបណ្តាញព័ត៌មាន ដឹងថា ជនរងគ្រោះឈ្មោះ ផេង វុទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅភូមិអំពិលទឹក ឃុំសំបូរមាស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានបាត់បង់សម្ភារៈមានដូចជាម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1 KD-9094 មានលេខតួនិងលេខម៉ាស៊ីនមិនចាំ។ ចំណែកឯជនសង្ស័យចំនួន០២នាក់ ទី១-ឈ្មោះ អុល ប្រុសកា ហៅ ខ្មៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី២-ឈ្មោះ លុច រ័ត្ន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនសង្ស័យទាំង០២នាក់មានសារធាតុញៀន)។
លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានបន្តថា កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០០៖៣០នាទី ជនរងគ្រោះឈ្មោះ ផេង វុទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KD-9096 មានលេខតួ និងលេខម៉ាស៊ីនមិនចាំ ចេញពីម្ដុំស្ពានម៉ាឡេខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីមកជួបសង្សារ ដែលធ្វើការខារ៉ាអូខេ ស្ថិតនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ។ ពេលដែលជនរងគ្រោះជិះម៉ូតូមកដល់ចំណុចមុខដីឡូតិ៍គ្មានលេខ ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ ជនរងគ្រោះក៏បានឈប់ម៉ូតូនៅលើផ្លូវ ដើម្បីរង់ចាំសង្សាររបស់ខ្លួនដើរចេញមកពីកន្លែងធ្វើការ ស្រាប់តែពេលនោះ មានជនសង្ស័យចំនួន០២នាក់ អាយុប្រហែល២១ឆ្នាំ កម្ពស់ប្រហែល ១.៥០សង់ទីម៉ែត្រ មាឌស្ដើង ក្នុងដៃមានកាន់មួកសុវត្តិភាព និងកាំបិតបុ័ងតោង បានដើរចេញពីគុម្ពព្រៃ ដែលដុះនៅក្បែរផ្លូវ៥០ម៉ែត្រ បានធ្វើសកម្មភាពយកមួកសុវត្ថិភាពវ៉ៃក្បាលជនរងគ្រោះ ពីក្រោយបណ្ដាលឱ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូ រួចមកជនសង្ស័យម្នាក់ទៀតបានយកកាំបិតបុ័ងតោងបម្រុងកាប់ជនរងគ្រោះ ធ្វើឱ្យជនរងគ្រោះភ័យ ក៏រត់ចោលម៉ូតូដោយមិនបានដកកូនសោម៉ូតូទៅជាមួយ។ ភា្លមៗនោះ ជនរងគ្រោះក៏បានស្រែកថា ចោរៗ តែពុំមានអ្នកណាជួយនោះទេ ហើយជនសង្ស័យក៏បានជិះម៉ូតូរបស់ជនរងគ្រោះ ចូលទៅក្នុងទីលានចាក់សំរាមបាត់ទៅ ទើបជនរងគ្រោះបានមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីជួយស្រាវជ្រាវរកជនសង្ស័យយកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់។
លុះមកដល់វេលាម៉ោង ១៦៖៣០នាទី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចជំនាញខណ្ឌយើងបានធ្វើកាស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ខាងលេី និងបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ដាវកែច្នៃប្រវែង ៦២សង់ទីម៉ែត្រ ចំនួន០១ដើម, ក្រាមពណ៌សថ្លាចំនួន ០២ថង់តូច, ម៉ូតូម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខ គ-៧៥៩៦ ភព១ (ម៉ូតូចាស់) យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសតាមនីតិវិធីច្បាប់។
លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានបន្តទៀតថា ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង២នាក់ខាងលេីរួចមក ពួកគាត់បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពស្ទាក់ប្លន់យកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ហើយម៉ូតូដែលប្លន់បាននោះ ពួកគេបានយកទៅលក់ឱ្យអ្នកទិញមិនស្គាល់ឈ្មោះភេទប្រុស អាយុប្រហែល៤៨ឆ្នាំ នៅម្តុំខណ្ឌទួលគោក រាជធានីភ្នំពេញ លក់បានលុយចំនួន២០០ដុល្លារ (ពីររយដុល្លារអាមេរិក)។
ដោយបច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង ខាងលេី ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញខណ្ឌ បញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដេីម្បីកសាងសំណុំរឿង ចាត់វិធានការតាមផ្លូវច្បាប់ផងដែរ៕