មេបញ្ជាការអាវុធហត្ថខេត្តតាកែវ ណែនាំមន្រ្តីក្រោមឱវាទកុំយកខ្លួនទៅពាក់ព័ន្ធបទល្មើសគ្រប់ប្រភេទ

លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានដាស់តឿន និងណែនាំដល់មន្ត្រីក្រោមឱវាទកុំយកខ្លួនទៅពាក់ព័ន្ធបទល្មើសគ្រប់ប្រភេទ ហើយត្រូវធ្វើយ៉ាងណារក្សាសន្តិសុខជូនប្រជាពលរដ្ឋឱ្យបានល្អ។ លោកក៏បានណែនាំមន្ត្រីទាំងអស់ ត្រូវបំពេញភារកិច្ចរបស់ខ្លួនឱ្យចំគោលដៅ និងត្រូវចូលរួមទប់ស្កាត់រាល់បទល្មើសនានា កុំឱ្យកើតមានឡើងក្នុងមូលដ្ឋាន។

ការលើកឡើងរបស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអង្គរបូរី ថ្មី ដោយលោកវរសេនីយ៍ត្រី ស៊ូ ពិសិដ្ឋ ជំនួសលោកវរសេនីយ៍ឯក ម៉ៅ ញឹម ដែលត្រូវបានចូលនិវត្តន៍។

លោកឧត្តមសេនីយ៍ត្រី សេង មហា បានសង្កត់ធ្ងន់ថា សមត្ថកិច្ចកងរាជអាវុធហត្ថ ត្រូវតែចូលរួមធ្វើសកម្មភាពឱ្យបានខ្លាំងក្លាក្នុងការបង្រ្កាបក្រុមចោរលួច ចោរប្លន់ ក្រុមអ្នកប្រើប្រាស់ ចែកចាយគ្រឿងញៀន បង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលល្បែងនេះនាំឱ្យមានបញ្ហាអសន្តិសុខក្នុងសង្គម។ តាមរយៈសកម្មភាពរបស់កងរាជអាវុធហត្ថ វានឹងនាំឱ្យភូមិឃុំរបស់ប្រជាពលរដ្ឋក្លាយជាភូមិឃុំមានសុវត្ថិភាព គ្មានបងតូចបងធំ គ្មានការប្រើប្រាស់គ្រឿងញៀន ជាពិសេស វានឹងនាំឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គ្មានការព្រួយបារម្ភរឿងអសន្តិសុខសុវត្ថិភាពនោះទេ។

លោកមេបញ្ជាការក៏បានណែនាំដល់មន្រ្តីអាវុធហត្ថទាំងអស់ ត្រូវធ្វើយ៉ាងណាកុំយកខ្លួនទៅពាក់ព័ន្ធនឹងអំពើខុសច្បាប់ឱ្យសោះ ដូចជាទៅកាងឱ្យអ្នករកស៊ីបើកល្បែងខុសច្បាប់ ឬអ្នករកស៊ីគ្រឿងញៀន ដែលទង្វើទាំងអស់នេះជាទង្វើខុសច្បាប់ ហើយប្រសិនបើមានមន្រ្តីណាម្នាក់ប្រព្រឹត្តខុសច្បាប់ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ដោយគ្មានការលើកលែងនោះទេ៕

អត្ថបទដែលជាប់ទាក់ទង