មានបញ្ហាឈឺជង្គង់ កុំទាន់បារម្ភ! សាកល្បងបំពេញនូវអាហារទាំង ៣ ប្រភេទនេះសាកលមើល
មានមនុស្សជាច្រើនកំពុងជួបប្រទះនូវបញ្ហាឈឺចុកចាប់ ឬ ស្ពឹកត្រង់ក្បាលជង្គង់ ហើយជាក់ស្តែង បញ្ហានេះមិនមែនកើតឡើងសម្រាប់តែអ្នកដែលមានអាយុច្រើននោះទេ បច្ចុប្បន្នវាក៏ឧស្សាហ៍កើតឡើងចំពោះមនុស្សដែលមានវ័យជំទង់ និង វ័យកណ្តាលដែរ។ ទន្ទឹមនឹងនេះ មានការស្រាវជ្រាវមួយបានរកឃើញអាហារ ៣ ប្រភេទដែលជួយសម្រាលនូវបញ្ហាឈឺជង្គង់នេះបានយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះ អ្នកដែលមានបញ្ហាឈឺជង្គង់អាចធ្វើឱ្យខ្លួនធូរស្រាលបានដោយគ្រាន់តែព្យាយាមបំពេញនូវសារធាតុទាំង ៣ ប្រភេទនេះដល់រាងកាយ៖
១. ប្រូតេអ៉ីនសណ្តែក
យោងតាម **Oklahoma State University** គេបានស្រាវជ្រាវឃើញថា អ្នកដែលទទួលទាននូវជាតិ ប្រូតេអ៉ីនសណ្តែកជារៀងរាល់ថ្ងៃ រយៈពេល ៣ ខែពេញ មានសភាពធូរស្រាលច្រើនពីការឈឺចុកចាប់ផ្នែកជង្គង់របស់ពួកគេ។ សណ្តែកមានផ្ទុកនូវសារធាតុប្រឆាំងទៅនឹងការរលាកនានាដូច្នេះវាមានតួនាទីអាចជួយឱ្យគន្លាក់ជង្គង់មានសភាពប្រសើរជាងមុន។ អ្នកអាចបំពេញប្រូតេអ៉ីនសណ្តែកនេះ ដោយធ្វើការទទួលទាននូវអាហារ ឬ ភេសជ្ជៈដែលមានផ្ទុកជាតិនេះរួមមាន៖ តៅហ៊ូ ម្សៅសណ្តែក ប្រេងសណ្តែក និង ទឹកសណ្តែកជាដើម។
២. ផ្លែឈើ
ការបរិភោគផ្លែឈើបានច្រើនគឺជារឿងដែលប្រសើរសម្រាប់សុខភាព។ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចជួយឱ្យផ្នែកណាមួយនៃរាងកាយដែលមានបញ្ហាសន្លាក់ ឬ ស្ពឹករោយជាដើម។ ជាពិសេស អ្នកគួរបរិភោគប្រភេទផ្លែឈើដែលមានផ្ទុកជាតិវីតាមីន C ច្រើនរួមមាន ផ្លែឃីវី ផ្លែក្រូច ផ្លែស្វាយ ទំពាំងបាយជូរ និង ល្ហុង ដែលអាចការពារ និង ទ្រទ្រង់បញ្ហាឈឺសន្លាក់នេះផងដែរ។
៣. ត្រី (អូម៉េហ្គា ៣)
ដូចដែលអ្នកធ្លាប់បានដឹងហើយ ប្រេងត្រីមានតួនាទីជួយសម្រួលដល់ការឈឺចុកចាប់ ឬ តឹងណែននៃសន្លាក់។ ជាតិអាស៊ីតខ្លាញ់អូម៉េហ្គា ៣ ដែលមាននៅក្នុងត្រីអាចជួយទប់ស្កាត់រាល់ជាតិគីមីដែលចូលទៅក្នុងរាងកាយបង្កជាការរលាក ឬ ការឈឺចុកចាប់។ យោងតាមអ្នកស្រាវជ្រាវផ្នែកសារធាតុចិញ្ចឹមឈ្មោះ Artemis P. Simopoulos បានបញ្ជាក់ថា អ្នកមានបញ្ហាសន្លាក់ ឬ ទប់ស្កាត់ការឈឺសន្លាក់នេះ គួរទទួលទាននូវសាច់ត្រីដែលសម្បូរជាតិអូម៉េហ្គា ៣ ដូចសាច់ត្រី សាល់ម៉ុន ឬ ត្រីស្បៃកា ២ដង ក្នុង១សប្តាហ៍ ឬ ទទួលទានអាហារបំប៉នកំប៉ុង អូម៉េហ្គា ៣ ជារៀងរាល់ថ្ងៃ៕
ប្រភព៖ Reader’s digest