ចូលរួមរំលែកទុក្ខ! ទើបប្រាប់ពីស្ថានភាពជំងឺ ពេលនេះស្វាមីកីឡាការិនីគុនខ្មែរ អេ យ៉ានុត ទទួលម-រណភាពហើយ

កាលពីពេលថ្មីៗកន្លងទៅនេះ មហាជននិយមតាមដានព័ត៌មាននានាពីកីឡាការិនីប្រដាល់គុនខ្មែរ អេ យ៉ានុត ភូថង កូនស្រីច្បងរបស់លោកគ្រូប្រដាល់ អេ ភូថង ច្បាស់ជាបានជ្រាបខ្លះហើយ ពីមូលហេតុនៃការបាត់មុខលើសង្វៀនប្រកួតកីឡាប្រដាល់មួយរយៈធំមកហើយ។

ក្នុងនោះ ការបាត់មុខមួយរយៈធំនេះដែរ កីឡាការិនីប្រដាល់គុនខ្មែរ អេ យ៉ានុត បានដកខ្លួនលើវិស័យប្រកួតក៏ព្រោះតែកំពុងមើលថែស្វាមីកំពុងមានជំងឺមហារីកពោះវៀនធំ ដែលកំពុងព្យាបាលនៅឯមន្ទីរពេទ្យ។

ជាការពិត ស្វាមីរបស់កីឡាការិនីប្រដាល់គុនខ្មែរ អេ យ៉ានុត មានជំងឺខាងលើនេះ មួយរយៈធំមកហើយ ដោយកន្លងមក អ្នកនាង បានយកស្វាមីទៅព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ីមួយរយៈ។ ក្រោយមកចេញពីមន្ទីរពេទ្យរុស្ស៊ីមិនប៉ុន្មាន កីឡាការិនីគុនខ្មែររូបនេះ ក៏បានបញ្ជូនស្វាមីទៅព្យាបាលនៅប្រទេស និង បន្តត្រឡប់មកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រវិញនាពេលបច្ចុប្បន្ន។

អ្វីកាន់តែរំជួលចិត្ត តាមរយៈការបង្ហាញនៅលើគណនី និង ផេកហ្វេសប៊ុកផ្ទាល់ខ្លួនកន្លងមក កីឡាការិនីប្រដាល់គុនខ្មែរ អេ យ៉ានុត បានបង្ហាញពីអារម្មណ៍ដ៏លំបាកនៃការទទួលយកយ៉ាងខ្លាំង នៃស្ថានភាពជំងឺមហារីកពោះវៀនរបស់ស្វាមី ដោយសជំងឺមហារីកពោះវៀនរបស់ស្វាមីអ្នកនាង ចូលដល់តំណាក់កាលទី ៤ សាច់រាលពេញពោះ និង ថ្លើម។

ដោយឡែក ដោយស្ថានភាពជំងឺដល់តំណាក់កាលចុងក្រោយនៅរសៀលថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ ក្រុមគ្រួសារបានបញ្ជូនអ្នកជំងឺ ពោលគឺស្វាមី កីឡាការិនីប្រដាល់គុនខ្មែរ អេ យ៉ានុត ត្រឡប់មកផ្ទះវិញរហូតដល់ម៉ោងប្រមាណ ១០ និង ៤៣ នាទី យប់ ស្វាមីរបស់ អេ យ៉ានុត ក៏បានទទួលមរណភាព។ ក្នុងនោះដែរ មហាជនបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់កីឡាការិនីប្រដាល់គុនខ្មែរ អេ យ៉ានុត និង លោកគ្រូ អេ ភូថង ដែលបានជួបទុក្ខធំនេះ។

គួររំឭកថា កីឡាការិនីប្រដាល់គុនខ្មែរ អេ យ៉ានុត និង ស្វាមី គឺលោក លៀង ប៉ហេង ជាមន្ត្រីនគរបាល បានភ្ជាប់ពាក្យនៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២០ និង រួមរស់ជាមួយគ្នាទទួលបានចំណងដៃរកូនប្រុសមួយ រហូតនៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៤ បានដឹកដៃគ្នាចូលរោងការតាមប្រពៃណី ក្រោយកីឡាការិនីប្រដាល់គុនខ្មែរ អេ យ៉ានុត បញ្ចប់បេសកម្មនមួយចំនួនក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ៕

អត្ថបទដែលជាប់ទាក់ទង