សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរព​វិញ្ញាណ​ក្ខន្ធ សព ម្តាយក្មេក ឯកឧត្តម ហួត ហាក់ ដែលបានទទួលមរណភាព ដោយរោគាពាធ

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយលោកជំទាវបណ្ឌិត នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២ ខែមករា ឆ្នាំ២០២៥ អញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជា ម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាម្តាយរបស់លោកជំទាវ សុង ធីតា ដែលបានទទួលមរណភាព នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១២:៥០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៦៣ឆ្នាំ ដោយរោគាពាធ។

សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងមូល និងសូមគោរពបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន សូមបានយោនយោគក្នុងទីឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

យោងតាមសារលិខិតរំលែកមរណទុក្ខ ផ្ញើជូនឯកឧត្តម ហួត ហាក់ និងលោកជំទាវ សុង ធីតា ព្រមទាំងក្រុមគ្រួសារ

សម្ដេចបវធិបតី និងភរិយា មានសេចក្ដីក្ដុកក្ដួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា មហាឧបាសិកាពុទ្ធ សាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយ ម្តាយក្មេករបស់ ឯកឧត្តម និង លោកជំទាវ លោកបាន ទទួលមរណភាពនៅថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នៅវេលាម៉ោង ១២:៥០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចបវធិបតី និងភរិយា សូមចូលរួមរំលែកទុក្ខ និងសម្តែងនូវក្តី សង្វេគប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រមទាំងសោកស្តាយ ស្រណោះអាឡោះអាល័យជា ទីបំផុត។ ការបាត់បង់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន គឺជាការបាត់បង់ម្តាយ ម្តាយក្មេក និងជីដូន ដែលមាននូវព្រហ្មវិហារធម៌មិនចេះរីងស្ងួតចំពោះកូនៗ ចៅប្រុសចៅស្រី ញាតិមិត្តជិតឆ្ងាយជាទី ស្រឡាញ់ ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិកដ៏សកម្មឆ្នើមមួយរូប ដែលតែងតែចូលរួមលើកតម្កើង និងទ្រទ្រង់ដល់ព្រះពុទ្ធសាសនានៃយើងជារៀងរហូតមក។

ជាមួយគ្នានេះ សម្ដេចបវធិបតី និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសិកាពុទ្ធសាស នូបត្ថម្ភក៍ ហាក់ ស៊ីផេន ឆាប់បានយោនយកកំណើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីសម្ដេចបវធិបតី និងភរិយា ៕

អត្ថបទដែលជាប់ទាក់ទង