អគ្គស្នងការនគរបាលជាតិ មន្ត្រីនគរបាលជាតិទាំងអស់ ត្រូវតែយកចិត្តទុកដាក់ ដោះស្រាយ ជាមួយបញ្ហាគ្រឿងញៀន ឱ្យបានជាដាច់ខាត
ភ្នំពេញៈ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ ក៏មានតួនាទីភារកិច្ចសំខាន់ ក្នុងការងារបង្ក្រាប និងទប់ស្កាត់បញ្ហាគ្រឿងញៀន ដូច្នេះមន្ត្រីនគរបាលជាតិទាំងអស់ ដែលជាអ្នកអនុវត្ត ច្បាប់ ត្រូវតែយកចិត្តទុកដាក់ ដោះស្រាយជាមួយបញ្ហាគ្រឿងញៀននេះ ឱ្យបានជា ដាច់ខាត ដើម្បីធ្វើយ៉ាងណា ពង្រឹងនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យកាន់តែមានភាពល្អប្រសើរ ជាពិសេសការពារឱ្យបានដាច់ខាត ចំពោះសន្តិភាពដែល ប្រទេសកម្ពុជា កំពុងមាន ដើម្បីបង្ហាញឱ្យឃើញពីសន្តិសុខ និងសន្តិភាពនៅក្នុងកម្ពុជា ទៅដល់វិនិយោគិនបរទេសនានា ដើម្បីកៀងគរវិនិយោគិនទាំងអស់នោះ មកបណ្តាក់ទុន នៅប្រទេសកម្ពុជា។
ការបញ្ជាក់នេះ ក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូន នាយនគរបាល ជាតិ ថ្នាក់ឧត្តមសេនីយ៍ នារសៀលថ្ងៃសុក្រ ទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៣។
នាយឧត្តមសេនីយ៍ ស ថេត បានបន្តថា ចំពោះមន្ត្រីដែលត្រូវបានតែងតាំង និងបំពាក់ ឋានន្តរស័ក្តិ នាពេលនេះ ត្រូវប្តេជ្ញាចិត្តបំពេញភារកិច្ច ឱ្យបានស្មោះត្រង់ និងហ្មត់ចត់ បំផុត ចំពោះតួនាទីដែលបានបែងចែក ប្រគល់ជូន។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ បន្ថែម ឱ្យផ្តោតការយកចិត្តទុក លើការអនុវត្តតួនាទីរបស់ខ្លួន និងត្រូវមានភាពសហការ សាមគ្គីគ្នាឱ្យបានល្អ។ ទាល់តែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទើបការអនុវត្តការងារ ប្រចាំថ្ងៃ ទទួលបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ត្រូវមានការបន្ទន់ឥរិយាបថ គ្រប់កាលៈទេសៈ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ប្រកបដោយភាពថ្លៃថ្នូរល្អ។
អគ្គស្នងការនគរបាលជាតិ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិទាំងអស់ ត្រូវមានភាពស្មោះត្រង់នឹងវិជ្ជាជីវៈ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ជាប់ជាប្រចាំ និងត្រូវចូល រួមការពារសន្តិសុខ ជូនជាតិ និងប្រជាពរដ្ឋ ឱ្យបានល្អ ត្រូវធ្វើខ្លួនជាខ្នងបង្អែក សម្រាប់ ប្រជាពលរដ្ឋ ប្រកបដោយភាពកក់ក្តៅ ៕