រយៈពេល២ថ្ងៃនេះ ប្រជាពលរដ្ឋនាំគ្នានេសាទត្រីក្នុង១ថ្ងៃ មិនតិចជាង៥០គីឡូក្រាម ទៅ១០០គីឡូក្រាម

ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិឃុំសឿ ស្រុកមង្គលបូរី ។ រយៈពេល២ថ្ងៃមកនេះ ប្រជាពលរដ្ឋបាននាំគ្នានេសាទត្រី ដោយបង់សំណាញ់ប្រយ៉ុង ឬក្រឡាញឹក ដោយក្នុង១ថ្ងៃម្នាក់ៗអាចរកត្រីបានចាប់ពី៥០គីឡូក្រាមរហូតដល់ទៅ១០០គីឡូក្រាមឯណោះ ហើយក្នុងនោះមានត្រីចម្រុះ តែភាគច្រើនជាត្រីឆ្ពិន ត្រី.ស និងត្រីរៀល។ ចំពោះការបង់សំណាញ់មួយ ទាល់តែលើកគ្នា២ទៅ៣នាក់ ទើបអាចលើករួច។

ប្រជានេសាទ បានបញ្ជាក់ថា ការនេសាទបង់សំណាញ់រកត្រីបាននេះ ក្រោយពេលសហគមន៍បានបិទសំណង់ទ្វារទប់ទឹក សម្រាប់ទុកបង្កបង្កើនផល ហើយនៅពេលរដូវទឹកស្រកផុតពីភ្លឺស្រែ ទើបត្រីឡើងទឹកនៅមុខសំណង់ផ្នែកខាងក្រោម ហើយក៏បង់ត្រីបាន និងយកលក់នៅកន្លែងបង់ព្រែកសឿ ដោយត្រីឆ្ពិន១គីឡូក្រាម តម្លៃ៥.០០០រៀល និងត្រីរៀល ១គីឡូក្រាម តម្លៃ២.០០០រៀល។

បើតាមលោក ជា ទី មេឃុំសឿ បានប្រាប់ឱ្យដឹងដែរថា នៅពេលទឹកធំ ទឹកជំនន់ស្រក ប្រជាពលរដ្ឋនាំគ្នានេសាទត្រី ដោយបង់សំណាញ់ប្រយ៉ុង ឬសំណាញ់ញឹកនៅព្រែកសឿ ហើយក៏រកត្រីបានម្នាក់ៗមិនតិចជាង៥០គីឡូក្រាមទៅ១០០គីឡូក្រាមនោះទេ ដោយអ្នកខ្លះលក់នៅកន្លែង និងខ្លះទៀតធ្វើត្រីឆ្អើលក់ ឬក៏ធ្វើប្រហុកទុកសម្រាប់គ្រួសារ។ នៅព្រែកសឿនេះ ឱ្យតែនៅរដូវទឹកស្រក គឺនេសាទត្រីបានរាល់ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង