គណៈកម្មការរៀបចំការប្រឡងប្រជែង កំណត់យកចុង ខែធ្នូ សម្រាប់ការ​ប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ​សាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង នារសៀល​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤បានដឹកនាំកិច្ចប្រជុំ​ពិនិត្យវឌ្ឍនភាព​ការងារឆ្ពោះទៅកាន់ការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា​អគ្គនាយក​នៃអគ្គនាយកដ្ឋានពន្ធដារ រួមជាមួយតំណាងក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ ដែលជាក្រុមការងារ​នៃគណៈកម្មការ និងអនុគណៈកម្មការរៀបចំការប្រឡង​ប្រជែង​ជាច្រើនរូប។

កិច្ចប្រជុំបានកំណត់យកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីរៀបចំការប្រឡង​ប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋាន​ពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយបានកំណត់យក​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាមណ្ឌលប្រឡង។ តាមការគ្រោងទុក បេក្ខជន​ដែលត្រូវចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើ​ការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញ​វត្ថុ មានប្រមាណ ៥,៥២៨នាក់៕

អត្ថបទដែលជាប់ទាក់ទង