ជំងឺមហារីកក្រពះ អ្នកឧស្សាហ៍មានអាការៈឈឺចុងដង្ហើមមិនគួរមើលរំលង
បច្ចុប្បន្ន មានមនុស្សជាច្រើនកំពុងជួបប្រទះនឹងវិបត្តិប្រព័ន្ធរំលាយអាហារ ដែលក្នុងនោះជំងឺមហារីកក្រពះ ក៏កំពុងវាយប្រហារទៅលើមនុស្សជាច្រើនផងដែរ។ ថ្ងៃនេះកញ្ញានឹងនិយាយអំពីជំងឺមហារីកក្រពះ មូលហេតុ រោគសញ្ញា និងការការពារខ្លួនពីជំងឺនេះ។
អ្វីទៅជាជំងឺមហារីកក្រពះ?
មហារីកក្រពះ កើតឡើងនៅពេលដែលកោសិកានៃជញ្ជាំងក្រពះរីកលូតលាស់មិនឈប់ ក្រោមទម្រង់ជាសាច់កាច។
តើជំងឺមហារីកក្រពះបណ្តាលមកពីមូលហេតុអ្វី?
មូលហេតុឲ្យពិតប្រាកដនៃជំងឺនេះ គឺមិនទាន់ដឹងនៅឡើយទេ។ ប៉ុន្តែកត្តាបង្កនៃជំងឺនេះមានដូចជា៖
- មានមេរោគក្រពះ Infection à helicobacter Pylori
- កត្តាចំណីអាហារ អាហារប្រៃ អាហារផ្អាប់
- មានគ្រួសារកើតជំងឺមហារីក
- ជក់បារី និងពិសាស្រា
តើជំងឺនេះមានរោគសញ្ញាអ្វីខ្លះ?
ខ- រោគសញ្ញានៃជំងឺកាចសាហាវនេះគឺ ៖
- ឈឺចុងដង្ហើម ឆ្អល់ពោះ
- អត់រំលាយអាហារ
- ស្រកទម្ងន់ ឬមិនឃ្លានអាហារ
- លាមកខ្មៅ
- ចង្អោរ និងក្អួត
- ស្លេកស្លាំង
តើជំងឺនេះអាចព្យាបាលដោយរបៀបណាខ្លះ?
ជំងឺមហារីកក្រពះ ត្រូវបានព្យាបាលដោយ ៖
- ការវះកាត់
- ការចាក់ថ្នាំគីមី
- ការបញ្ចាំងកាំរស្មី
វិធីការពារខ្លួនពីជំងឺមហារីកក្រពះ
យើងអាចការពារជំងឺមហារីកក្រពះបានដោយ៖
- ពិសាអាហារសាប មិនប្រៃពេក ជៀសវាងចំណីអាហារកំប៉ុង ឬផ្អាប់
- ពិសារផ្លែឈើស្រស់ និងបន្លែទៀតទាត់
- រក្សាទម្ងន់ខ្លួនឲ្យបានល្អដោយការហាត់ប្រាណ
- ចៀសវាងជក់បារី និងកាត់បន្ថយ ឬមិនញ៉ាំគ្រឿងស្រវឹង
ជំងឺមហារីកក្រពះ អាចព្យាបាលជាសះស្បើយ បើយើងរកឃើញទាន់ពេលវេលា។ បើសង្ស័យថាមានជំងឺនេះ គួរមកពិគ្រោះ និងព្យាបាលជំងឺជាមួយគ្រួពេទ្យឯកទេសឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។