ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញប្រកាសទទួលស្គាល់សមាជិកថ្មីសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ចំនួន២,៧០១នាក់

(ភ្នំពេញ)៖ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក) សហការគាំទ្រដោយសហភាពសហព័ន្ធយុវជនកម្ពុជា និងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ បានរៀបចំកម្មវិធីប្រកាសទទួលស្គាល់សមាសភាពថ្នាក់ដឹកនាំ សមាជិក សមាជិកាថ្មី នៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន២,៧០១នាក់ និងអបអរសាទរខួប១០ឆ្នាំ នៃថ្ងៃបង្កើត សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ០២ ធ្នូ ២០១៤ – ០២ ធ្នូ ២០២៤។

កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អនុប្រធាន សមាជិកគណៈអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្តាលស.ស.យ.ក. ជាទីប្រឹក្សាជាន់ខ្ពស់ សមាជិក សមាជិកា សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក. និងសមាជិក សមាជិកា ដែលត្រូវប្រកាសបញ្ជូលបន្ថែមថ្មីទាំង២,៧០១រូបផងដែរ។

ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. ដែលបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោក ហ៊ុន ម៉ានី និងលោកស្រី មានសមាជិកសរុបចំនួន១២,៩៥៩នាក់ មានស្រ្តីចំនួន៧,៥៧៨នាក់ ដែលមានកម្រិតជាសាស្ត្រាចារ្យ សាស្ត្រាចារ្យរង បណ្ឌិត អនុបណ្ឌិត វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិត ទន្តបណ្ឌិត ឱសថការី ឆ្មប គិលានុបដ្ឋាក បានចុះពិនិត្យ ព្យាបាល និងផ្តល់ការវះកាត់បានចំនួន៣៦៨លើក នៅទូទាំង២៥រាជធានី-ខេត្ត និង១៧មណ្ឌលកុមារកំព្រា។

ក្នុងនោះមានព្រះសង្ឃ ប្រជាពលរដ្ឋ និងកុមារបានមកទទួលសេវាសរុបចំនួន៨៧៥,៩៤៦ អង្គ/នាក់ បានវះកាត់ជូនប្រជារាស្រ្តខ្វះលទ្ធភាពចំនួន៥,៦២៦ករណី បានបន្តក់វីតាមីនការពារជំងឺគ្រុនស្វិតដៃជើង និងជំងឺងងឹតមាន់បានចំនួន៤,៨៩៧ករណី បានចាក់វ៉ាក់សាំងថ្លើមប្រភេទបេចំនួន១,០០៧ដូស បានចែកថ្នាំដុសធ្មេញ ច្រាស់ដុសធ្មេញ និងអប់រំកុមារពីការថែរក្សាមាត់-ធ្មេញបានចំនួន៧,៣២៦នាក់។

លើសពីនេះ បានសហការ និងផ្លាស់ប្តូរបទពិសោធន៍ជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្រ្តាលីចំនួន៥លើក ក្រុមគ្រូពេទ្យកូរ៉េចំនួន៨លើក អង្គការ Starkey Hearing Foundation របស់សហរដ្ឋអាមេរិកចំនួន៤លើក ក្រុមគ្រូពេទ្យអន្តរជាតិ International Medical Relief ចំនួន ២៦លើក អង្គការ Khmer Eye International បានចំនួន១លើក បានវះកាត់ជូនកុមារមានសារពាង្គកាយ និងអវយវៈមិនប្រក្រតីដូចជាឆែបមាត់ ឆែបក្រអូម ម្រាមជើងជាប់គ្នា ម្រាម៦ អវៈយវៈភេទខុសប្រក្រតី ដោយសហការជាមួយអង្គការ Next Step មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យអង្គឌួង និងមន្ទីរពេទ្យបង្អែកខេត្តក្រចេះចំនួន៤លើក ជាមួយមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ចំនួន១លើក ជាមួយមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគីរីចំនួន១លើក ជាមួយមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនចំនួន១លើកជាមួយមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យចំនួន១លើក និងជាមួយមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ចំនួន១លើក សរុបជាង១,២៦៥នាក់។

ក្នុងដំណាក់កាលនៃការរីករាតត្បាតនៃជំងឺកូវីដ១៩ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. មានចំនួន២២៥ក្រុម ស្មើនឹងចំនួនសរុប២,២៥៩នាក់ ក្រោមកិច្ចសហការជាមួយ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានី-ខេត្ត និងអាជ្ញាធររាជធានី-ខេត្ត ក្រោមយុទ្ធសាស្រ្តផ្ការីកដែលជាយុទ្ធសាស្រ្តប្រកប ដោយគតិបណ្ឌិតរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា បានចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋនៅបណ្តារាជធានី-ខេត្ត ក្រសួងស្ថាប័ន សាកលវិទ្យាល័យ សាលារៀន ទីផ្សារ វត្តអារ៉ាម ទីប្រជុំជន រោងចក្រ និងតាមខ្នងផ្ទះ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានសរុបចំនួន២,០៩៦,៧១៩ដូស។

ជាមួយគ្នានេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.កចំនួន១,០១៧នាក់ផ្សេងទៀត បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលក្នុងការថែទាំ និងព្យាបាលជំងឺកូវីដ-១៩នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ចំនួន៣មណ្ឌល និងបានព្យាបាលជូនអ្នកជំងឺជាង៥ម៉ឺននាក់។

ទន្ទឹមនឹងនេះ ក្រោមកិច្ចសហការជាមួយដៃគូជាតិនិងអន្តរជាតិ សម្ព័ន្ធគ្រូពេទ្យស.ស.យ.កបានចូលរួមនិងរៀបចំសិក្ខាសាលាវេជ្ជសាស្ត្រកម្រិតអន្តរជាតិជាច្រើនលើក និងបានចុះអនុស្សរណនៃការយោគយល់ ជាមួយបណ្តាអង្គភាព មន្ទីរពេទ្យ និងស្ថាប័នចំនួន១៦ មកពីកម្ពុជា ចិន ជប៉ុន អូស្ត្រាលី កូរ៉េ ម៉ាកាវ និងសឹង្ហបុរី ជាដើម ដើម្បីសហការគ្នា ក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ដែលក្នុងនោះតាមរយៈដៃគូសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បាននាំយកអំណោយរបស់លោក ហ៊ុន ម៉ានី និងលោកស្រី ផ្តល់ជូននូវម៉ាស៊ីនកាត់ស្បូនខ្នាតធំ Hysterectomy ចំនួន២គ្រឿង តម្លៃ៤០ម៉ឺនដុល្លារ ដែលមួយគ្រឿងជូនដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមួយគ្រឿងទៀតជូនដល់មន្ទីរពេទ្យអង្គឌួង។

ក្រៅពីនេះសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. បាននាំយកអំណោយរបស់លោក ហ៊ុន ម៉ានី និងលោកស្រី ជាម៉ាស៊ីនអេកូបេះដូង ដែលមានប៉ូល២ (Echo-Cardio Bipolar) ចំនួន១ឈុត ដែលមានតម្លៃប្រមាណ២ម៉ឺនដុល្លារអាម៉េរិក ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ សម្រាប់ប្រើប្រាស់ក្នុងការថតឆ្លុះពោះ (Abdomen) និងបេះដូង (Cardiac) លើកុមារ ដើម្បីជួយសម្រួលដល់ការព្យាបាល ឲ្យកាន់តែមានប្រសិទ្ធភាព និងបន្តមកទៀតបាននាំយកនូវឧបករណ៍សម្រាប់វះកាត់ត្រចៀកកុមារចំនួន២ឈុត ដែលមានតម្លៃជាង៧ពាន់ដុល្លារ ជូនដល់មន្ទីរពេទ្យកុមារជាតិផងដែរ។

ក្រោមកិច្ចសហការជាមួយដែគូ និងប្រទេសជាមិត្ត សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បានផ្តល់អាហារូបករណ៍ជាបន្តបន្ទាប់ដល់និស្សិតកម្ពុជា ក្នុងនោះអាហារូបករណ៍ក្នុងប្រទេសចំនួន៣៦៥កន្លែង និងអាហារូបករណ៍ទៅសិក្សាជំនាញនៅប្រទេសចិនចំនួន១៦០កន្លែង។ ដោយកិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ដែលស្ថិតក្រោមឆ័ត្ររបស់ស.ស.យ.ក និងក្រោមការចង្អុលបង្ហាញ និងណែនាំជាប្រចាំពីលោក ហ៊ុន ម៉ានី និងលោកស្រី ត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ជាអង្គភាពមួយដែលបានចូលរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ជាពិសេសជាមួយក្រសួងសុខាភិបាល កម្ពុជាក្នុងការងារមនុស្សធម៌ ការងារសង្គម និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជាប្រកបដោយក្រមសីលធម៌វិជ្ជាជីវ:ច្បាស់លាស់ ហើយត្រូវបានទទួលស្គាល់ពីបណ្តាប្រទេសនានា រហូតបោះឆ្នោតជូនជាអនុប្រធាននៃអង្គការវេជ្ជសាស្រ្តអន្តរជាតិ ITRTA និងទទួលបានពានរង្វាន់អន្តរជាតិជាច្រើនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង