ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ គឺជាកម្មវិធីគោលនយោបាយអាទិភាពទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដែលសម្តេចមហាបវរធិបតីបានប្រកាសដាក់ឱ្យអនុវត្តកាល​ពីចុងឆ្នាំ២០២៣។ យុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព បានកំណត់យកអាទិភាពគន្លឹះ៥គឺ៖ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសគឺបច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្ម​ឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ក៏ដូចជា ឆ្លើយតបទៅនឹងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះនិងជាមធ្យោបាយដ៏សំខាន់ នៃការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការថ្នាល ឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុក «ថ្នាលឌីជីថលចុះឈ្មោះ​អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នេះជាវឌ្ឍនភាពដ៏សំខាន់មួយនៅក្នុងការអនុវត្ត «យុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨»។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំ និងដាក់ឱ្យដំណើរការជាផ្លូវការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ» នាពេលនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ និងជួយសម្រួល ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបមុខរបរធ្វើការងារ និងមានអាជីវកម្មនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបង្កើតឱកាសឱ្យបងប្អូន អាចអភិវឌ្ឍអាជីវកម្ម និងពង្រីកមុខរបរ ជាពិសេសធ្វើឱ្យកម្រិតជីវភាព និងសុខមាលភាពកាន់តែល្អប្រសើរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា បច្ចុប្បន្នសកលលោកទាំងមូល មានការប្រែប្រួលលឿន និងមានភាពមិនប្រាកដប្រជាខ្ពស់ ហើយវិបត្តិ និងបញ្ហាប្រឈមផ្សេងៗ អាចកើតមានឡើងគ្រប់ពេល ដែលការណ៍នេះអាចបន្ទច់បង្អាក់
ដំណើរការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចកម្ពុជា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ថិតក្នុងបរិការណ៍ដ៏លំបាកនេះ រាជរដ្ឋាភិបាលយល់ច្បាស់អំពីភាពចាំបាច់ក្នុងការកែលម្អ, ជំរុញ និងពង្រឹងការអនុវត្តការងារកែទម្រង់ជារចនាសម្ព័ន្ធ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យមានសន្ទុះល្អប្រសើរឡើង និងមានភាពធន់ទៅ នឹងវិបត្តិនានា ដែលអាចនឹងកើតឡើងជាយថាហេតុ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាអាទិភាពដ៏សំខាន់មួយ ដូចមានគូសរំលេចនៅក្នុង «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ឆ្នាំ២០២៣-២០២៨» ដែលមានចក្ខុវិស័យអភិវឌ្ឍសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធឱ្យរីកធំធាត់ និងមានលទ្ធភាពធ្វើសមាហរណកម្មចូលក្នុងប្រព័ន្ធ ហើយក្លាយទៅជាកម្លាំងចលករដ៏សំខាន់ក្នុងការកែលម្អជីវភាពរបស់ប្រជាជន និងអាចរួមចំណែកជាអតិបរមា ក្នុងការឈានទៅសម្រេចបាននូវការ​អភិវឌ្ឍ ប្រកបដោយចីរភាព, បរិយាបន្ន មានភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីសម្រេច​បាន​ចក្ខុ​វិស័យអភិវឌ្ឍសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធឱ្យរីកធំធាត់ រាជរដ្ឋាភិបាលបានដាក់​ចេញ​នូវអាទិភាពជាយុទ្ធសាស្រ្តចំនួន៥រួមមាន : (១). ការកំណត់, កែសម្រួល និងរៀបចំយន្តការ ដែលបង្កលក្ខណៈងាយស្រួល ដើម្បីឈានចូល​ក្នុង​ប្រព័ន្ធ, (២). ការកាត់បន្ថយបន្ទុកលើការបំពេញអនុលោមភាព, (៣). ការផ្តល់ការគាំពារ និងការគាំទ្រដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ, (៤).ការលើកកម្ពស់សមត្ថភាព និងគាំទ្រដល់អ្នកដែលបានឈាន​ចូលក្នុង​ប្រព័ន្ធ, និង (៥). ការពង្រីក និងពង្រឹងការផ្សព្វ-ផ្សាយ, ការលើកកម្ពស់​ការយល់ដឹង និងការចូលរួម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «យន្តការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ក្នុងគោលដៅចម្បងចំនួន ២ ដូចខាងក្រោម៖
ទី១៖ ការកំណត់អត្តសញ្ញាណអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ: រាជរដ្ឋាភិបាលយល់ច្បាស់ថា លទ្ធភាព និងសមត្ថភាពរបស់អ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធនៅមានកម្រិត ហើយការបំពេញអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិ​ជាធរមានក៏នៅពុំទាន់អាចធ្វើទៅបាន និងត្រូវមានបន្ទុកចំណាយ។ បន្ថែមលើនេះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួនធំ មិនទាន់ស្ថិតក្រោមការគ្រប់គ្រង និងការទទួលស្គាល់ដោយយន្តការនៃក្រសួង-ស្ថាប័នណាមួយនៅឡើយ។

ជាក់ស្តែង អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធខ្នាតមីក្រូ ដែលមិនមានទីតាំងជាក់លាក់ មិនអាចស្នើសុំលិខិតអនុញ្ញាតផ្សេងៗ ពីយន្តការច្រកចេញ-ចូល តែមួយនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ឬ ក្រសួង-ស្ថាប័នណាមួយនៅឡើយ ។ ក្នុងន័យនេះ, យន្តការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានបង្កើត​ឡើង​​ជាយន្តការថ្មី ដែលបំពេញបន្ថែមលើយន្តការដែលមានស្រាប់ ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីម្យ៉ាង, អនុញ្ញាតឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចបំពេញបានដោយរលូន ងាយស្រួលរហ័ស និងឥតគិតថ្លៃសេវា; និងម្យ៉ាងទៀត, អនុញ្ញាតឱ្យរាជរដ្ឋាភិបាល ដាក់ចេញនូវការគាំទ្រដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចំគោលដៅ ជាពិសេសក្នុងគ្រាមានវិបត្តិ។

ទី២៖ ការផ្តល់ការទទួលស្គាល់ ដល់ការប្រកបអាជីវកម្ម មុខរបរ និងការងារ របស់អ្នកសេដ្ឋ-កិច្ចក្រៅប្រព័ន្ធ៖ រាជរដ្ឋាភិបាល ទើបបានអនុម័ត «អនុក្រឹត្យ ស្តីពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដើម្បីឱ្យការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានអានុភាពគតិយុត្ត ក្នុងកម្រិតមួយ ដែលក្រសួង-ស្ថាប័ន អាចទទួលយកបាន សម្រាប់ផ្តល់ការគាំទ្រនានា។ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចុះឈ្មោះ នឹងទទួលបាន «វិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ក្នុងទម្រង់ឌីជីថលតាមថ្នាលឌីជីថល ដែលអាចរក្សាទុក ឬបោះពុម្ពជាសន្លឹក សម្រាប់ប្រើប្រាស់តាមតម្រូវការជាក់ស្តែងរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺអនុវត្តតាមគោលការណ៍ ស្ម័គ្រចិត្តទាំងស្រុង មិនមានការ​បង្ខិត​បង្ខំ និង មិនគិតថ្លៃអ្វីទាំងអស់។ ការចុះឈ្មោះនេះ​មិនត្រឹមតែដើម្បីឱ្យទទួលបានអត្តសញ្ញាណផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែនឹងបើកផ្លូវទៅកាន់ឱកាសរីកចម្រើន និងការគាំទ្រនានាបន្ថែមទៀត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ដែលមានផលរបរក្រោម២៥០លានរៀល ឬប្រហាក់ប្រហែល៦ម៉ឺនដុល្លារក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនបាច់រៀបចំឯកសារប្រកាសពន្ធអ្វីទាំងអស់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយចុះឈ្មោះ និង​ទទួលការអនុម័តនៅលើថ្នាលឌីជីថលនេះហើយ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងទទួលបានវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទទួលស្គាល់តួនាទី និងការរួមចំណែករបស់បងប្អូនដល់សេដ្ឋកិច្ចជាតិ។ វិញ្ញាបនបត្រនេះបញ្ជាក់អត្តសញ្ញាណ សម្រាប់មុខរបរ អាជីវកម្ម និងការងាររបស់​អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានការទទួលស្គាល់ពីគ្រប់​ក្រសួង-ស្ថាប័ន​របស់រាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអាចយកទៅ​ប្រើ​ប្រាស់ជាផ្លូវការបានជាមួយវិស័យឯកជនផងដែរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចុះឈ្មោះនឹងផ្តល់លទ្ធភាពឱ្យបងប្អូនបង្កើនសមត្ថភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈ តាម​រយៈការពង្រឹងជំនាញដែលមានស្រាប់ និងការចាប់យកជំនាញថ្មី (Upskill and Reskill)។ ជាមួយនឹងការគាំទ្រនេះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងមាន​សមត្ថ​ភាព និងឱកាសកាន់តែប្រសើរក្នុងការពង្រីកអាជីវកម្ម បង្កើនប្រាក់​ចំណូល និងបង្កើតការងារ សម្រាប់ទាំងខ្លួនឯងផង និងអ្នកដទៃផង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រៀបដូចជាកូនសោមួយ ដែលបងប្អូនអាចចាក់​ដើម្បីបើកទ្វារទៅកាន់ សេវាហិរញ្ញវត្ថុផ្លូវការ រួមទាំងសេវាឥណទាន ឬទុនវិនិយោគពីគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីពង្រីកមុខរបរ ដោយអាចចៀសវាងការទៅចងការ ឬទៅខ្ចីបុលក្រៅផ្លូវការដែលមានអត្រាការប្រាក់ខ្ពស់។ មិនតែប៉ុណ្ណោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏អាចបើកគណនីសន្សំ និងគណនីអាជីវកម្ម (Merchant Account – គណនីដាក់ឈ្មោះហាង) ពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលធនាគារជាតិនៃកម្ពុជា បានចេញសារាចរណែនាំរួចហើយ កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២៤។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អត្ថប្រយោជន៍សំខាន់មួយទៀតនៃការចុះឈ្មោះ គឺលទ្ធភាពក្នុងការចូលជាសមាជិកបេឡាជាតិ​សន្តិសុខសង្គម (ប.ស.ស.) ទៅតាមលក្ខខណ្ឌដែលបានកំណត់ និង​ងាយ​ស្រួលក្នុងការបង់ភាគទាន ដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែកថែទាំសុខ​ភាព​សម្រាប់ទាំងខ្លួនឯង និងសមាជិកគ្រួសារ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ រាជរដ្ឋាភិបាលនឹងទទួលបានទិន្នន័យ និងមានលទ្ធភាពផ្តល់ការគាំទ្រទៅដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចំគោលដៅ និងឆាប់រហ័ស ពិសេសក្នុងអំឡុងពេលនៃវិបត្តិ ដូចជាគ្រោះមហន្តរាយធម្មជាតិ ឬជំងឺរាតត្បាតជាដើម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែលជាគ្រួសារក្រីក្រ និងងាយរងគ្រោះ ការចុះឈ្មោះក៏នឹង​ជួយ​សម្រួលដល់ការទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃ តាម​រយៈមូលនិធិសមធម៌សុខាភិបាល នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋនៅទូទាំង​ប្រទេស។ នេះក៏ជាជំហានដ៏សំខាន់មួយឆ្ពោះទៅការ​គ្របដណ្តប់សុខ​ភាព​ជាសកល ដែលជាមូលដ្ឋានគ្រឹះនៃចក្ខុវិស័យរបស់រាជរដ្ឋាភិបាល សម្រាប់​ការអភិវឌ្ឍប្រកប​ដោយសមធម៌ និងបរិយាបន្ន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានគោលដៅគឺជួយ មិនមែនគោលដៅនៃការប្រមូលពន្ធនោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យទប់ស្កាត់កុំឱ្យមានអ្នកឆ្លៀតឱកាសធ្វើសកម្មភាពផ្ទុយពីគោលបំណងរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវនិងលើកទឹកចិត្តឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមចុះឈ្មោះទាំងអស់គ្នា ដើម្បីចាប់យកអត្ថប្រយោជន៍ផ្សេងៗ សំដៅធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាព ព្រមទាំងចូលរួមក្នុងដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យគ្រប់ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធទាំងអស់ ជាពិសេសគណៈកម្មាធិការសម្របសម្រួលការ​អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធបន្តខិតខំប្រឹងប្រែងផ្ដល់ការសម្របសម្រួល និងការ​គាំទ្រ ដោយប្រកាន់ខ្ជាប់នូវសា្មរតីបុរេសកម្ម និងការយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលអាចនឹងកើតមានឡើង ក្រោយការសម្ពោធដាក់ឱ្យដំណើរការ​ថ្នាលឌីជីថលនេះ ដើម្បីផ្ដល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ និងធានាបាននូវប្រសិទ្ធភាព និងនិរន្តភាពនៃថ្នាល ព្រមទាំងកែលម្អចំណុចខ្វះខាត ក្រោយពេលអនុវត្តតាមភាពជាក់ស្ដែង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រើនរំលឹកដល់ក្រសួង​ស្ថាប័នទាំងអស់ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ គ្រប់លំដាប់ថ្នាក់ សូមបន្តយកចិត្ត​ទុកដាក់លើការអនុវត្តវិធានការគន្លឹះដែលមានចែងក្នុងយុទ្ធសាស្ត្រជាតិ ហើយស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន និងសូមគិតគូររៀបចំនូវសកម្មភាព​គាំទ្រនានាបន្ថែមទៀតសំដៅធ្វើយ៉ាងណាឱ្យបងប្អូនជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបាន នូវការយកចិត្តទុកដាក់ ភាពកក់ក្តៅ និងការជួយគាំពារនិងគាំទ្រ ជាពិសេសនៅតាមមូលដ្ឋានប្រកបអាជីវកម្ម និងមុខរបរនានា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ៨៖៥០នាទីនាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤

អត្ថបទដែលជាប់ទាក់ទង