មេដឹកនាំបក្សកាន់អំណាចកូរ៉េខាងត្បូង ប្រកាសលាលែងពីតំណែង ក្រោយលោក Yoon ត្រូវបានសភាបោះឆ្នោតទម្លាក់

(សេអ៊ូល)៖ លោក Han Dong-hoon ជាមេដឹកនាំគណបក្សអំណាចប្រជាជន ឬ PPP​ ដែលជាបក្សកាន់អំណាចនៅកូរ៉េខាងត្បូង បានប្រកាសលាលែងចេញពីតំណែងនៅថ្ងៃចន្ទ ទី១៦ ខែធ្នូ នៅចំពោះមុខ ការកើនឡើងជម្លោះផ្ទៃក្នុងបក្ស បន្ទាប់ពីសភាជាតិបោះឆ្នោតទម្លាក់លោកប្រធានាធិបតី Yoon Suk Yeol ចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Han Dong-hoon បានប្រកាសពីការសម្រេចចិត្តលាលែងចេញពីតំណែង នៅឯសន្និសីទសារព័ត៌មាន ក្រោយសំណើដកតំណែងលោក Yoon ត្រូវបានសភាបោះឆ្នោតអនុម័តក្នុងសំឡេងគាំទ្រ ២០៤ ទល់នឹង៨៥សំឡេងជំទាស ជុំវិញការប៉ុនប៉ងដាក់ឱ្យប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេចរបស់លោក កាលពីថ្ងៃទី៣ ខែធ្នូ។ លទ្ធផលបោះឆ្នោតនេះដែរបានបង្ហាញថាសមាជិកសភា១២រូប មកពីគណបក្ស PPP បានចូលរួមជាមួយគណបក្សប្រឆាំងដើម្បីបោះឆ្នោតទម្លាក់លោក Yoon។ នៅឯសន្និសីទសារព័ត៌មានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ លោក Han បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំសម្រេចចិត្ត លាលែងចេញពីតំណែងក្នុងនាមជាមេដឹកនាំគណបក្សអំណាចប្រជាជន។ ខ្ញុំសូមអភ័យទោសអស់ចេញពីចិត្ត ពីប្រជាជនទាំងឡាយដែលរងផលប៉ះពាល់ដោយសារតែច្បាប់អាជ្ញាសឹក»

ក្រោយការប្រកាសលាលែងចេញពីតំណែងរបស់លោក Han Dong-hoon លោក Kweon Seong-dong ដែលជាមេដឹកនាំក្រុមសមាជិកសភានៃគណបក្ស PPP នឹងត្រូវឡើងកាន់តំណែងជាប្រធាន បក្ស PPP ជាបណ្ដោះអាសន្ន។

គួរបញ្ជាក់ថា លោក Yoon ត្រូវបានសភាបោះឆ្នោតទម្លាក់ចេញពីតំណែងកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ ហើយតាមរយៈការសម្រេចចិត្តនេះលោក Yoon ត្រូវបានព្យួរតំណែង រីឯនាយករដ្ឋមន្ត្រី លោក Han Duck-soo បានឡើងកាន់តំណែងជាប្រធានាធិបតីស្ដីទី រហូតដល់តុលាការធម្មនុញ្ញធ្វើការសម្រេចចិត្តលើសេចក្ដីសម្រេចរបស់សភា។ បើតុលាការធម្មនុញ្ញទទួលស្គាល់សេចក្ដីសម្រេចរបស់ សភាដែរនោះ នោះលោក Yoon នឹងត្រូវបានទម្លាក់ចេញពីតំណែង តែបើតុលាការបដិសេធ នោះលោក Yoon នឹងទទួលបានតំណែងរបស់លោកមកវិញ៕

អត្ថបទដែលជាប់ទាក់ទង